ក្រោយបែកធ្លាយព័ត៌មានពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនប្រភេទកញ្ឆារបស់កំពូលតារាចម្រៀងកូរ៉េ T.O.P បានប៉ុន្មានថ្ងៃនេះ នៅពេលនេះ T.O.P បានសរសេរសំបុត្រជាលាយលក្ខអក្សរដោយផ្ទាល់ដៃ រៀបរាប់ពីបញ្ហាទាំងអស់ និងបានសុំទោសដល់មជ្ឈដ្ឋានអ្នកគាំទ្រទូទាំងសកលលោក ដោយអស់ពីដួងចិត្ត ។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងមូលនៅក្នុងសំបុត្រដែលសរសេរដោយ T.O.P៖
សួស្តីបាទ ពីខ្ញុំ Choi Seung Hyun (T.O.P)
ជាដំបូងខ្ញុំសុំអភ័យទោសចំពោះអ្នករាល់គ្នា ដែលបានអស់សង្ឃឹមជាមួយកំហុសឆ្គងដ៏ធំដែលខ្ញុំបានសាងកន្លងមក។ ខ្ញុំបានបំផ្លាញដល់ខ្លួនឯង រហូតដល់ថ្នាក់ខ្លាចនឹងមកឈរនៅចំពោះមុខអ្នករាល់គ្នា ព្រមទាំងសុំទោសអ្នករាល់គ្នា។ ខ្ញុំគ្មានចំណុចណាដែលអាចអង្វរ សូមកែរខ្លួនបានទេ និងខូចចិត្តចំពោះអ្វីដែលខ្ញុំបានលង់ខ្លួនធ្វើវាកន្លងមកយ៉ាងខ្លាំង។ ខ្ញុំស័ក្តសមដាក់ទោសជាមួយកំហុសធ្វើឱ្យសមាជិកក្រុម ក្រុមហ៊ុន ប្រជាជនកូរ៉េ អ្នកគាំទ្រ និងក្រុមគ្រួសាររបស់ខ្ញុំ មកត្រូវឈឺចាប់ដោយសារខ្ញុំ។ បេះដូងរបស់ខ្ញុំ អស់សង្ឃឹមនឹងរូបខ្លួនឯងណាស់ ហើយខ្ញុំនឹងចងចាំកំហុសដ៏ធំនៅគ្រានេះ និងមិនបណ្ដោយឱ្យកើតរឿងដូច្នោះម្ដងទៀតឡើយ។ ខ្ញុំសុំទោសពិតមែន ដែលត្រូវសរសេរសំបុត្រសុំទោសអ្នករាល់គ្នា ជំនួសភាពអៀនខ្មាស។
ខ្ញុំមានអារម្មណ៍ខ្មាសណាស់
ខ្ញុំសុំទោសបាទ ពីខ្ញុំ
T.O.P
គួរបញ្ជាក់ផងដែរថា ក្រោយពីបានអានសាររបស់ T.O.P ហើយ G-Dragon ដែលជាសមាជិករួមក្រុម និងធ្លាប់ជួបរឿងដូចគ្នា បានចេញសារសុំទោសរួមគ្នាពីប្រទេសជប៉ុន ថា “ ខ្ញុំសុំទោសចំពោះបញ្ហាដែលបានកើតឡើង ខ្ញុំសូមសន្យាថា បញ្ហានេះនិងមិនកើតឡើងជាថ្មីម្ដងទៀត ហើយសូមជួយគាំទ្រពួកយើងបន្ដទៀតផង អរគុណបាទ “ ៕