បន្ធូរអារម្មណ៍អ្នកគាំទ្រទន្ទឹងចាំ ហង្សមាស បញ្ចេញបទថ្មី ណុប បាយ៉ារិទ្ធ និងសុគន្ធ និសា ត្រៀមអបអរចូលឆ្នាំខ្មែរ

ដូចមហាជនអ្នកគាំទ្របានដឹងហើយថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា និងអ្នកនិពន្ធលោក លី ស៊ីនហួន បានកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ។ យ៉ាងណាមិញ ស្របពេលដែលអ្នកគាំទ្រមានក្ដីព្រួយបារម្ភ និងបួងសួងឱ្យតារាចម្រៀងក្នុងដួងចិត្តរបស់ពួកគេឆាប់ជាសះស្បើយពីជំងឺកាចមួយនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្មី ដែលជាការបកស្រាយរបស់លោក ណុប បាយ៉ារិទ្ធ និងអ្នកនាង សុគន្ធ និសា ដើម្បីបន្ធូរអារម្មណ៍ទន្ទឹងចាំអ្នកគាំទ្រ។

តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង សុគន្ធ និសា

បទចម្រៀងថ្មីនេះមានចំណងជើងថា «កេះបាស់ កេះបាស់» ដែលជាការនិពន្ធទំនុកច្រៀងដោយលោក លី ស៊ីនហួន  អ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស។ បទចម្រៀងនេះដែរ ត្រូវបានគេដឹងថា ជាបទថ្មីដែលត្រៀមអបអរកម្សាន្ដរាំលេងសប្បាយនាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបានខិតជិតចូលមកដល់ហើយ។ ចង្វាក់ភ្លេងបទថ្មី រៀងរន្ថើនតាមបែបចង្វាក់រាំវង់ ដែលជាការនិពន្ធបទភ្លេងដោយលោក ចក់។

ទោះជាយ៉ាងណាមិញ គេក៏បានឃើញអ្នកគាំទ្រជាច្រើន បាន Comment ជូនពរ លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា ក៏រួមជាមួយលោក លី ស៊ីនហួន  ឱ្យឆាប់បានជាសះស្បើយពីជំងឺ ហើយឆាប់បានត្រឡប់មកវិញ។ ក្ដីបារម្ភរបស់អ្នកគាំទ្រពិតជាបង្ហាញចេញពីចិត្ត និងស្ដែងឱ្យឃើញថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកគាំទ្រនៅតែផ្ដល់កម្លាំងចិត្តដល់សិល្បករជានិច្ច។

លោក លី ស៊ីនហួន អ្នកនិពន្ធប្រចាំផលិតកម្មហង្សមាស

តោះមករីករាយស្ដាប់កម្សាន្ដបទថ្មី «កេះបាស់ កេះបាស់» ជាការបកស្រាយរបស់លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា មាននៅក្នុងផលិតកម្មហង្សមាស និងរស្មីហង្សមាស៕

Advertisement