អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប​មិនមែន​តួឯក ជា​អ្នក​ដែល​តួឯក​ត្រូវការ

អ្នកសង្កេតការណ៍​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ជា​បុគ្គល​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ដំណើរការ​នៃ​ការប្រឡង​ទាំងមូល ព្រោះថា គាត់​មាន​តួនាទី​ជា​អ្នកឃ្លាំមើល ប្រមូល​ព័ត៌មាន និង​ធានា​ពី​ភាពច្បាស់លាស់​ត្រឹមត្រូវ​របស់​គ្រប់ភាគី​ទាំងអស់​ក្នុងការ​ប្រឡង។

នៅ​ឆ្នាំនេះ មាន​អ្នកសង្កេតការណ៍​ប្រមាណ​ជិត 5000 នាក់ មកពី​បណ្តា​ស្ថាប័នរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ត្រៀម​ឃ្លាំមើល​ការប្រឡង​នៅ​ទូទាំងប្រទេស​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 21-22 ខែសីហា ឆ្នាំ2017។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​លើកឡើងថា កន្លងមក​យើង​បាន​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​សង្កេតការណ៍​ប្រមាណ​ជាង 4000នាក់ ដើម្បីឱ្យ​ពួកគាត់​យល់ដឹង​អំពី​ការងារ និង​តួនាទី​របស់​អ្នកសង្កេតការណ៍ ក្នុងសម័យ​ប្រឡង​បាក់​ឌុប​ខាងមុខ។

ឯកឧត្តម ឱម យិនទៀង បាន​និយាយថា៖ «តួនាទី​របស់​អ្នកសង្កេតការណ៍​គឺ​មិនមែនជា​តួឯក​នោះទេ តួឯក​គឺ​ក្រសួង​អប់រំ និង​អនុរក្ស​ឯណោះ​ទេ ប៉ុន្តែ​គេ​មិនអាច​ខ្វះ​យើង​បានដែរ»។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន ស្នើ​សុំឱ្យ​អ្នកសង្កេតការណ៍​ទាំងអស់​រាយការណ៍​តាម​វិជ្ជាជីវៈ​នូវ​គ្រប់​ព័ត៌មាន ដើម្បី​ឆ្លុះបញ្ចាំង​ដល់​សង្គម​ឱ្យឃើញ​ពី​ភាពត្រឹមត្រូវ​ក្នុង​មណ្ឌល​ប្រឡង​ដែល​ខ្លួន​ទទួលខុសត្រូវរៀងៗខ្លួន។ តួនាទី​របស់​អ្នកសង្កេតការណ៍​គឺ ជា​អ្នកប្រមូល​ភស្តុតាង​នានា​ដែល​កើតឡើង​ក្នុង​មណ្ឌល​ប្រឡង តែ​គ្មាន​សិទ្ធ​ដកហូត​សម្ភារ​ពី​បេក្ខជន​ប្រឡង​ឡើយ គឺមាន​សិទ្ធិ​ត្រឹមតែ​ថតរូប និង​រាយការណ៍​ព័ត៌មាន​ពី​អនុរក្ស និង​បេក្ខជន​ប្រឡង​ណា​ដែល​បំពាន​ច្បាប់៕

Advertisement