6ចំណុច…បង្កើនទីធ្លាប្រើការនៅក្នុងផ្ទះ

បច្ចុប្បន្ននេះមើលទៅដូចជាទីកន្លែងប្រើប្រាស់នៅក្នុងផ្ទះនីមួយៗកាន់តែតិចទៅៗជារៀងរាល់ថ្ងៃ តែឥវ៉ាន់របស់របរប្រើប្រាស់នៅក្នុងផ្ទះវិញបែរជាមានកាន់តែច្រើនឡើងៗ ធ្វើឱ្យត្រូវរៀបចំកែច្នៃប្រើប្រាស់ទីកន្លែងក្នុងផ្ទះឱ្យបានប្រយោជន៍ច្រើនបំផុត និងសង្កត់ធ្ងន់លើការប្រើប្រាស់ទីធ្លាឱ្យតិចបំផុត។ ដូច្នេះយើងនាំគ្នាមកមើលថា តើមានអៃឌៀណាខ្លះដែលស័ក្តិសមសម្រាប់ផ្ទះរបស់មិត្តអ្នកអាន? សូមតាមដានដូចតទៅ…។

ចង្រ្កានបាយតូច តែស្អាត ខ្លឹម ៈ បន្ទប់ចង្រ្កានបាយអាចរាប់បានថាជាចំណុចមួយទៀតដែលអាចប្ដូរអារម្មណ៍ខាងក្នុងផ្ទះបាន អ្នកណាដែលកំពុងមានអារម្មណ៍ថា បន្ទប់ផ្ទះបាយរបស់ខ្លួនមានទំហំតូច បូកនឹងរបស់របរប្រើប្រាស់ទាំងចាំបាច់ និងមិនចាំបាច់ដែលកាន់តែកើនច្រើនឡើងរាល់ថ្ងៃផងនោះ អៃឌៀនេះនឹងជួយធ្វើឱ្យបន្ទប់ចង្រ្កានបាយដែលធ្លាប់តែចង្អៀតស្មុគនោះរលាយបាត់អស់បាន… គ្រាន់តែមិត្តយើងធ្វើថ្នាក់ៗសម្រាប់ដាក់របស់របរ ឬចានក្បាននៅពីលើតុខោនធើរចង្រ្កានបាយ លាបជញ្ជាំងបន្ទប់ពណ៌សដើម្បីឱ្យបន្ទប់មើលទៅរាងភ្លឺស្រឡះ ដុសខាត់ឥដ្ឋការ៉ូឱ្យស្អាតគ្មានកំណកស្នាមកខ្វក់…តែប៉ុណ្ណឹងបន្ទប់ផ្ទះបាយដែលធ្លាប់តែចង្អៀតស្មុគមើលមិនចូលភ្នែកនោះ នឹងស្អាតមានរបៀបឡើងមិនខាន មិនត្រឹមតែប៉ុណ្ណោះ បើជ្រើសរើសប្រើធ្នើរ ឬថ្នាក់ដាក់ឥវ៉ាន់ធ្វើអំពីបន្ទះក្ដារ ស៊ីគ្នានឹងតុខោនធើរ និងជញ្ជាំងបន្ទប់ពណ៌សផងនោះ វានឹងក្លាយជាបន្ទប់ចង្រ្កានបាយដែលមានស្តាយល៍ថ្មីមួយបែបតែម្ដង។

ប្រឡោះមហស្ចារ្យ ៈ បើអ្នកណាស្នាក់អាស្រ័យនៅក្នុងផ្ទះល្វែង ឬបន្ទប់អាផាតមិនទំហំតូច និងមិនមានទីកន្លែងសម្រាប់ការងារបោកគក់លាងសម្អាតនៅខាងក្រៅផ្ទះនោះ យើងណែនាំឱ្យសាកល្បងធ្វើប្រឡោះសម្រាប់ដាក់ម៉ាស៊ីនបោកខោអាវដូចតទៅ ៈ ឱ្យជាងមកធ្វើតុខោនធើរក្នុងបន្ទប់បាយជាថ្មី ទុកប្រឡោះដែលមានកម្ពស់ល្មមអាចដាក់ម៉ាស៊ីនបោកខោអាវនៅខាងក្រោមតុបាន ចង់មានទ្វារបិទ-បើក ឬគ្មានស្រេចតែចំណូលចិត្ត…តែប៉ុណ្ណឹងក៏អាចផ្លាស់ប្ដូរស្តាយល៍បន្ទប់ផ្ទះបាយមើលទៅរាងស្រឡះ និងមានរបៀបបានបាត់ទៅហើយ។

ទូខោអាវអាក្រាត ៈ បើនៅក្នុងបន្ទប់គេងរបស់យើងមានទីកន្លែងសម្រាប់ប្រើប្រាស់តិចស្រាប់ហើយនោះ គួរកែសម្រួលទ្រង់ទ្រាយទូដាក់ខោអាវជាថ្មី ព្រោះការទុកដាក់ខោអាវមិនចាំាបាច់ត្រូវតែទុកដាក់នៅក្នុងទូដែលបិទជិតជានិច្ចនោះទេ។ សាកល្បងរកមើលជញ្ជាំងទំនេរៗធ្វើជាកន្លែងទុកដាក់ខោអាវបែបស្រឡះៗ(មិនបាច់មានអ្វីមកបិទបាំង)ដែលអាចសន្សំសំចៃទីកន្លែងបានយ៉ាងល្អ។

ផ្ញើរបស់របរលើជញ្ជាំង ៈ បន្ទប់គេងអាចចាត់ទុកថាជាអាណាចក្រផ្ទាល់ខ្លួនពេលនឿយហត់មកពីកន្លែងធ្វើការ ជាទីកន្លែងដែលអាចប្រាប់ពីអ្វីដែលជាខ្លួនយើងបានច្បាស់បំផុត។ បើមានបន្ទប់គេងដែលមិនមានរបៀប ប្រហែលជាធ្វើឱ្យយើងឈឺក្បាលមិនស្ទើរឡើយ។ មនុស្សជាច្រើនដែលគិតចង់តុបតែងផ្ទះ ច្រើនចាប់ផ្ដើមពីបន្ទប់គេងរបស់ខ្លួនឯងមុន ដូច្នេះគួរតែរៀបចំទុកដាក់វត្ថុរបស់របរកំប៉ិកកំប៉ុក គ្រឿងតុបតែងឱ្យមើលទៅស្រស់ស្អាតដោយផ្ដល់ភាពសំខាន់ទៅលើទីកន្លែងទំនេរនៅម្ដុំជញ្ជាំង ពីវត្ថុដែលធ្លាប់តែចង្អៀតស្មុគ នឹងមើលទៅសប្បាយភ្នែកមិនខាន។

បង្កាន់ដៃអ៊ីណុកពហុមុខងារ ៈ អៃឌៀកំពូលងាយ មិនអស់លុយច្រើន ប្រហែលជាគេចមិនផុតពីអៃឌៀមួយនេះទេ…បើមានអ្នកណាមានកន្លែងទំនេរនៅម្ដុំមាត់បង្អួច កុំបណ្ដោយឱ្យទំនេរឥតប្រយោជន៍ ចូរចាប់ផ្ដើមពីការបំពាក់បង្កាន់ដៃ ឬស្នួរដែកអ៊ីណុកដែលអាចប្រើប្រាស់ក្នុងការព្យួរក្រណាត់ហាល ឬអាចនឹងយកផើងដែលមានដាំដើមផ្កាជ័រតូចៗ ស្រាលៗមកព្យួរលម្អ ឬទុកកដាក់វត្ថុផ្សេងៗពីលើនោះក៏បាន ស័ក្តិសមខ្លាំងណាស់សម្រាប់ផ្ទះណាដែលមានទីធ្លាកំណត់។

ទុកដាក់របស់របរនៅក្រោមគ្រឿងសង្ហារិម ៈ កន្លែងទំនេរនៅមាន ដូចជាបើចង់បានកៅអីសាឡុង ឬគ្រែគេងមកប្រើ ឡារ៉ែនចង់ណែនាំឱ្យរកទិញបែប ឬម៉ូដណាដែលផ្នែកខាងក្រោមមានជាធ្នើរសម្រាប់ដាក់វត្ថុរបស់របរបាន ដែលអាចនឹងទុកដាក់ស្រោមជើង ស្បែកជើង ឬវត្ថុផ្សេងៗបាន ចំណេញទីកន្លែង និងមិនរាយប៉ាយ កេកកាកពេញផ្ទះទៀតផង៕

Advertisement