សហរដ្ឋអាមេរិកហាមឃាត់ក្រុមហ៊ុនក្នុងការបង់ប្រាក់ទៅឱ្យពួកក្រុមអ្នកវាយប្រហារ (Ransomware)

ការវាយប្រហារ​តាមរយៈ Ransomware គឺជា​ដំណើរការ​ជ្រៀតចូល និង​ធ្វើការ​អុ​ី​ន​គ្រីប​ទិន្នន័យ​ក្នុង​កុំព្យូទ័រ ក្នុង​គោលបំណង​ជំរិត​ទារប្រាក់​ពី​ក្រុមហ៊ុន ឬ​បុគ្គល​ជា​ថ្នូរ​នឹង​ការទទួលបាន​លេខ​កូដ​ដើម្បី​បើក​ទិន្នន័យ​ទាំងនោះ​វិញ​បាន។

ការវាយប្រហារ​តាមរយៈ​អុ​ី​ន​គ្រីប​ទិន្នន័យ​ដើម្បី​ទាមទារ​ប្រាក់​មានការ​កើនឡើង​ខ្លាំង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេសផ្សេងៗមួយចំនួនទៀត ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ដែលនាំឱ្យ​មាន​មនុស្ស​ជាច្រើន​ចាប់ផ្ដើម​ប្រើ​កុំព្យូទ័រ​ដើម្បី​ប្រកបមុខរបរ និង​ការងារផ្សេង។ ដោយ​ឃើញ​ពី​គុណវិបត្តិ​នេះហើយ ទើប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុននេះ រតនាគារ​សហរដ្ឋអាមេរិក​បានប្រកាសថា រាល់​ការសម្របសម្រួល​បង់ប្រាក់​ទៅឱ្យ​ក្រុម​ពួក​អ្នក​វាយប្រហារ​ដែល​បាន​បញ្ចូល​ក្នុង​បញ្ជី​ហាមឃាត់​នោះ (Sanctioned hackers) អាចជា​រឿង​ខុសច្បាប់ និង​អាច​រង​ការផាកពិន័យ​ផងដែរ។ ជាមួយគ្នានេះដែរ ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​របស់​រតនាគា​រ​ក៏បាន​ព្រមាន​ថា អ្នកធ្វើការ​សម្របសម្រួល​អាច​នឹងត្រូវ​ផ្តន្ទាទោស ទោះបីជា​ពួកគេ​ឬ​ជនរងគ្រោះ​មិនបាន​ដឹងថា ពួក​អ្នក​វា​ប្រហារ​នោះ​គឺជា​ក្រុម​នៅក្នុង​បញ្ជី​ហាមឃាត់​ក៏ដោយ។

លោក Alon Gal ប្រធាន​ផ្នែក​បច្ចេកវិទ្យា នៃ​ក្រុមហ៊ុន Hudson Rock ដែលជា​អ្នកជំនាញ​ផ្នែក​ទប់ស្កាត់​ពី​ការវាយប្រហារ​គំរាម​ទារប្រាក់​បាន​និយាយថា ការណែនាំ​ថ្មី​របស់​រដ្ឋាភិបាល​នេះ​គឺ​វា​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​ពី​របៀប​លោះ​យក​ទិន្នន័យ​ពី​ក្រុម​អ្នក​វាយប្រហារ​ទាំងមូល។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា កាលពីមុន​ក្រុមហ៊ុន​អាច​ធ្វើការ​សម្រេចចិត្តថា​ត្រូវ​បង់ ឬ​មិន​បង់ប្រាក់​ទៅឱ្យ​ក្រុម​ជនល្មើស​ទាំងនោះ​បាន ប៉ុន្តែ​ពេលនេះ​រាល់​ការសម្រេចចិត្ត​ទាំងនោះ​គឺ​ត្រូវមាន​ការត្រួតពិនិត្យ​ពី​រដ្ឋាភិបាល​ជាមុនសិន ព្រមទាំង​មានការ​ចាត់វិធានការ​យ៉ាង​តឹងរឹង​ជាង​មុន​ចំពោះ​ករណី​ទាំងនេះ​ទៀតផង៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement