Masayoshi Son ចាក់ចេញពីក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចិន Alibaba ក្រោយរយៈពេល15ឆ្នាំនៅជាមួយគ្នា ប៉ុន្តែបានអះអាងថា មិនមែនដោយមូលហេតុបាត់បង់ទំនុកចិត្តលើក្រុមហ៊ុន “យក្ស” របស់ចិនមួយនេះទេ។
បិទបញ្ចប់មហាសន្និបាតនៃភាគហ៊ុនិករបស់ Softbank កាលពីថ្ងៃទី25មិថុនា ស្ថាបនិក Masayoshi Son បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលលោកប្រកាសថា នឹងចាកចេញពីក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Alibaba។ លោកថ្លែងថា ជិត “បញ្ចប់ការសិក្សា” ពីក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះហើយ។
Masayoshi Son បានបកស្រាយថា មូលហេតុដែលលោកចាកចេញនេះ មិនមែនដោយសារមានទំនាស់អ្វីនោះឡើយ បើទោះជាលោក Jack Ma (សហស្ថាបនិករបស់ Alibaba) កាលពីខែមុនក៏បានប្រកាសចាកចេញពីក្រុមប្រឹក្សាភិបាលរបស់ SoftBank។ មហាសេដ្ឋីទាំងពីររូបនេះនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្រោយពីលោក Masayoshi Son បានក្លាយជាវិនិយោគិនម្នាក់ក្នុងចំណោមមនុស្សដែលបានវិនិយោគទៅលើ Alibaba មុនគេ។ បច្ចុប្បន្ន ក្រុមហ៊ុនចិន Alibaba នេះ មានតម្លៃសរុបប្រមាណជា600ពាន់លានដុល្លារអាមេរិក និងត្រូវបានចាត់ទុកថាជាគ្រាប់ពេជ្រនៅក្នុងបញ្ជីវិនិយោគរបស់ SorfBank។
“យើងពុំមានការខ្វែងគំនិតគ្នាអ្វីនោះទេ។ នេះគឺជាការពេញចិត្តដ៏ល្អមួយ” លោក Masayoshi Son បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
ការចាកចេញរបស់លោក Masayoshi Son និងលោក Jack Ma ហាក់មិនទាន់មានផលប៉ះពាល់ផ្ទាល់អ្វីមួយដល់ក្រុមហ៊ុនទាំងពីរខាងលើនៅឡើយ ប៉ុន្តែប្រការនេះបានក្លាយជាទីបញ្ចប់នៃយុគសម័យមួយ។ លោក Masayoshi Son និងលោក Jack Ma គឺជាអ្នកជំនួញពីររូបក្នុងចំណោមអ្នកជោគជ័យបំផុតនៃជំនាន់របស់ពួកគេ ហើយអាចពឹងផ្អែកទៅលើការណែនាំពីគ្នាទៅវិញទៅមកអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
លោក Son បានចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ Alibaba តាំងពីឆ្នាំ2005។ នៅពេល SoftBank ជួបបញ្ហាជាមួយនឹងខ្ទង់ខាតបង់ក្នុងឆ្នាំនេះ លោក Son អាចប្រើប្រាស់ភាគហ៊ុននៅ Alibaba ដើម្បីធ្វើជាទុនចាំបាច់នៅ SoftBank។
គិតមកដល់បច្ចុប្បន្ន Alibaba នៅតែជាខ្ទង់វិនិយោគជោគជ័យបំផុតរបស់ SoftBank។ ឆ្នាំ2000 លោក Son បានវិនិយោគ20លានដុល្លារទៅលើ Alibaba (ដែលកាលណោះ Alibaba មិនទាន់មានឈ្មោះល្បីនៅឡើយ) ដើម្បីតភ្ជាប់ទំនាក់ទំនងក្រុមអ្នកផលិតនៅប្រទេសចិនជាមួយនឹងអតិថិជននៅបរទេស។ បច្ចុប្បន្ន ភាគហ៊ុនខាងលើនេះ មានតម្លៃឡើងដល់ជាង150ពាន់លានដុល្លារអាមេរិកទៅហើយ។ ការវិនិយោគខាងលើ បានជួយឱ្យលោក Son មានឈ្មោះល្បី ហើយក្រោយមកក៏បង្កើតបាន Vision Fund ដែលមានតម្លៃជាទឹកប្រាក់ឡើងដល់ 100ពាន់លានដុល្លារអាមេរិក។
លោក Son មានឈ្មោះល្បីថាជាមនុស្សដែលយកចិត្តទុកដាក់នៅលើបណ្ដាក្រុមហ៊ុនដែលលោកគិតថា មានលទ្ធភាពក្លាយជា “Jack Ma បន្ទាប់”។ Alibaba ក៏បានក្លាយជាស្ដង់ដាមួយដើម្បីឱ្យលោក Son អាចធ្វើកិច្ចព្រមព្រៀងក្នុងការវិនិយោគទៅលើបណ្ដាក្រុមហ៊ុន startup ផ្សេងៗ។ ប៉ុន្តែ ថ្មីៗនេះ លោក Son ត្រូវរងការខាតបង់ច្រើនទៅលើខ្ទង់វិនិយោគនៅក្នុងបណ្ដាក្រុមហ៊ុនថ្មីៗ ដូចជា Wag Labs, Zume Pizza និង Brandless ជាដើម។ មុននោះ SoftBank ក៏ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរដោយសារតែ WeWork ផងដែរ។
យ៉ាងនេះក្ដី នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី25មិថុនាកន្លងទៅ លោក Masayoshi Son នៅតែបង្ហាញការជឿជាក់។ នៅពេលត្រូវបានក្រុមភាគហ៊ុនិកសួរថា “តើមានចំនួនប៉ុន្មានក្នុងចំណោមក្រុមហ៊ុនទាំង88ដែលត្រូវបាន Vision Fund បណ្ដាក់ទុកនាបច្ចុប្បន្ន អាចក្លាយជា Alibaba បន្ទាប់?” លោក Son ថ្លែងថា “មាន mini Alibaba មួយ ឬពីរ”។
លោក Son ក៏បានបញ្ជាក់អំពីការជឿជាក់របស់ខ្លួនទៅលើការប្ដូរផ្លាស់ទៅរកឌីជីថល់និយមនៅទូទាំងពិភពលោក រួមនឹងការបង្ហាញវត្តមាននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ទាំងពីរនេះកំពុងតែរីកចម្រើនយ៉ាងល្បឿននៅក្នុងសម័យCOVID-19 ហើយវានឹងជួយនាំមកនូវប្រយោជន៍សម្រាប់ខ្ទង់វិនិយោគរបស់លោកទៅលើក្រុមហ៊ុនចិន ByteDance ដែលជាម្ចាស់បណ្ដាញសង្គម TikTok និងក្រុមហ៊ុនផលិតឈីប ARM របស់អង់គ្លេស៕
ប្រភព៖ Bloomberg