សញ្ញាបត្រ​ដែល​គ្មាន​គុណភាព គ្មាន​ប្រយោជន៍​សម្រាប់​ប្រទេសមួយ​នេះ​ទេ

ការអភិវឌ្ឍ​លើ​វិស័យ​ធនធានមនុស្ស​ជា​កត្តា​ចម្បង​មួយ​នៅក្នុង​ចំណោម​កត្តាសំខាន់ៗទាំងឡាយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា ជា​មុខព្រួញ​សំខាន់​ដែល​អាចជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​ខណៈ​ពេល​ប្រទេស​កម្ពុ​ជាមាន​ចក្ខុវិស័យ​ចង់​ក្លាយខ្លួន​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030ហើយនឹង​ឈានទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​ក្នុង​ឆ្នាំ2050។

ពាក់ព័ន្ធ​ទៅនឹង​សារៈសំខាន់​របស់​គុណភាព​យុវជន​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​នេះ ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បានឱ្យដឹងថា ការពង្រឹង​គុណភាព​ធ​ន​ធាន​មនុស្ស​ជា​កត្តា​សំខាន់​មួយ​ដែល​ក្រសួង​ត្រូវធ្វើ​កំណែទម្រង់​ដើម្បី​អាចធ្វើឱ្យ​ពួកគេ​ក្លាយជា​ធនធាន​ដែលមាន​សក្តានុពល​សម្រាប់​ទាក់ទាញ​ពាណិជ្ជករ​បរទេស​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន មានប្រសាសន៍ថា៖ «បើ​មានតែ​សញ្ញាបត្រ​គ្មាន​សមត្ថភាព​វា​គ្មាន​ន័យ​អ្វី​ទេ​ព្រោះ​អ្នកទទួល​សញ្ញាបត្រ​គ្មាន​សមត្ថភាព​ទាំងនោះ​នឹង​ជួប​ការលំបាក​នៅពេលដែល​ពួកគេ​មិនអាច​រក​ការងារ​ធ្វើ​នៅក្នុង​ទីផ្សារសេរី​បាន»។

ឯកឧត្តម​បានលើកឡើង​ថា ក្រសួង​នឹង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើយ៉ាងណា​ធានាថា​យុវជន​កម្ពុជា​ត្រូវតែមាន​គុណភាព។ តាមរយៈ​ការ​រឹតបន្តឹង​ការប្រឡងសំខាន់ៗនានា​ដូចជា​ការប្រឡង​បាក់​ឌុប​ជាដើម គឺ​ទាល់តែ​អ្នកចេះ​ពិតប្រាកដ​ទើប​ជាប់ ហេតុនេះ​យុវជន​កម្ពុជា​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ទទួលយក​ការអប់រំ និង​ច្នៃ​ខ្លួនឯង​ឱ្យក្លាយ​ជា​ធនធាន​យ៉ាង​មានតម្លៃ​សម្រាប់​សង្គម​កម្ពុជា៕

Advertisement