យោងតាមសេចក្ដីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងអាអេហ្វប៉េ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់ លោក អាប់ឌុលឡា ហាមដក(Abdulla Hamdok) បានរួចផុតពីការលបធ្វើឃាតកាលពីព្រឹកថ្ងៃចន្ទ(ទី9មីនា) ក្នុងអំឡុងពេលដែលក្បួនរថយន្តរបស់លោកបានក្លាយជាគោលដៅនៃការវាយប្រហារកណ្ដាលទីក្រុង ខាធូម។ ប្រភពព័ត៌មានលំដាប់គណៈរដ្ឋមន្ត្រីស៊ូដង់ និងស្ថានីយទូរទស្សន៍ផ្លូវការរបស់ស៊ូដង់បានបង្ហើបឱ្យដឹងអំពីរឿងនេះ។
រ៉យទ័របានរាយការណ៍កាលពីថ្ងៃចន្ទ(ទី9មីនា)ថា លោក អាប់ឌុលឡា ហាមដក ដែលបានទទួលការតែងតាំងឱ្យក្លាយជាមេដឹកនាំរដ្ឋាភិបាលឈុតថ្មីរបស់ស៊ូដង់ ក្រោយពីអតីតប្រធានាធិបតីស៊ូដង់ លោក អូម៉ា អាល់-បាសៀ(Omar al-Bashir)ដែលបានគ្រប់គ្រងអំណាចដ៏យូរអង្វែងត្រូវបានផ្ដួលរំលំ។
ដោយក្រោយពីការកើតហេតុលបធ្វើឃាតក្បួនរថយន្តរបស់លោក ក្នុងខណៈដែលកំពុងធ្វើដំណើរនៅក្នុងទីក្រុងខាធូម កាលពីព្រឹកមិញនេះ(ថ្ងៃចន្ទទី9មីនា)គេបានដឹងថា លោកប្រធានាធិបតី ហាមដក នៅមានសុវត្ថិភាព និងត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ នេះបើតាមស្ថានីយទូរទស្សន៍ផ្លូវការរបស់ស៊ូដង់រាយការណ៍។
រូបភាពព័ត៌មានបានបង្ហាញឱ្យឃើញពីក្បួនរថយន្ត រួមទាំងរថយន្ត SUV ពណ៌សដែលមានសភាពរងការខូចខាតមិនជាធ្ងន់ធ្ងរប៉ុន្មាន និងរថយន្ត 1គ្រឿងទៀតដែលរងការខូចខាតយ៉ាងដំណំ។
សាក្សី 3នាក់ បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការលបធ្វើឃាតនេះ បានកើតឡើងនៅជិតផ្លូវចូលផ្នែកខាងជើងរបស់ស្ពាន ខូប៊ើរ(Kober) ដែលតភ្ជាប់ជាមួយទីក្រុងខាធូមខាងជើង ដែលមានទីស្ដីការគណៈរដ្ឋមន្ត្រីស៊ូដង់របស់លោក ហាមដក ស្ថិតនៅកណ្ដាលទីក្រុង។
អាអេហ្វប៉េ បានរាយការណ៍ថា ជាការលបធ្វើឃាតក្នុងអំឡុងពេលដែលលោកនាយករដ្ឋមន្ត្រីកំពុងធ្វើដំណើរទៅទីស្ដីការគណៈរដ្ឋមន្ត្រីស៊ូដង់ ដែលមកដល់ពេលនេះ នៅមិនទាន់ដឹងច្បាស់នៅពីព័ត៌មានលម្អិតនៅឡើយ តែត្រូវបានគេដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង09.00ព្រឹក។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានសាណា(SANA)។
នៅពេលបន្ទាប់មក លោកនាយករដ្ឋមន្ត្រី ហាមដក បានថ្លែងការណ៍តាមរយៈប្រព័ន្ធធ្វីតធើរផ្លូវការផ្ទាល់ខ្លួន ដោយបានបញ្ជាក់ថា៖ “ខ្ញុំសូមធានានៅចំពោះមុខប្រជាជនស៊ូដង់ទាំងអស់ថា ខ្ញុំមានសុវត្ថិភាព និងនៅល្អគ្រប់ប្រការ” ព្រមទាំងបន្ថែមទៀតថា “រឿងដែលកើតឡើងនេះ នឹងមិនអាចបញ្ឈប់ដំណើរក្បួននៃការផ្លាស់ប្ដូរបានឡើយ”។
“ទាំងអស់នេះ មើលទៅហាក់ដូចជា ការវាយប្រហារក្បួនរថយន្តរបស់លោកនាយករដ្ឋមន្ត្រីនេះ ចេញមកពីផ្នែកខាងលើ…” សាក្សីទាំងអស់បានរៀបរាប់ ចំណែកឯស្ថានីយវិទ្យុរបស់រដ្ឋបានបញ្ជាក់ថា ក្បួនរថយន្តត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើង និងវត្ថុដែលបាញ់ដោយវិធីកោង ខណៈដែលស្ថានីយទូរទស្សន៍ស៊ូដង់រាយការណ៍ថា គឺរថយន្តគ្រាប់បែក ដែលបានវាយប្រហារក្បួនរថយន្តលោកនាយករដ្ឋមន្ត្រី។
សាក្សីម្នាក់បាននិយាយថា៖ “បានឃើញអំឡុងពេលដែលកើតការផ្ទុះឡើង និងការវាយប្រហារដែលបាញ់ចេញមកពីលើអគារខ្ពស់”
ហ្វូងមនុស្សចំនួនដ៏ច្រើន បាននាំគ្នាមកចោមរោមមើល ក្នុងខណៈដែលខាងភ្នាក់ងារប៉ូលីសខំព្យាយាមយ៉ាងខ្លាំងក្លាក្នុងការគ្រប់គ្រងទីកន្លែងកើតហេតុ។
ចំណែកលោក ខាលីដ អូមើរ(Khalid Omer) សមាជិកថ្នាក់ដឹកនាំរបស់ក្រុមពលរដ្ឋចម្រុះ ដែលគាំទ្រការក្រោកឈរឡើងតស៊ូកាលពីឆ្នាំទៅ បានបង្ហាញពីការយល់ឃើញអំពីការលបធ្វើឃាត លោក ហាមដក ថា៖ “ការព្យាយាមលបធ្វើឃាតលោកនាយករដ្ឋមន្ត្រី អាប់ឌុលឡា ហាមដក នេះ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីដ៏អាក្រក់ក្នុងការរៀបផែនការធ្វើរដ្ឋប្រហារ ដើម្បីតតាំងការបដិវត្តន៍”។
រ៉យទ័របានបង្ហាញថា លោក ហាមដក គឺជាអ្នកសេដ្ឋសាស្ត្រ និងជាអតីតមន្ត្រីលំដាប់ខ្ពស់របស់អង្គការសហប្រជាជាតិ ជាអ្នកដែលមានសម្ព័ន្ធភាពល្អជាមួយសហគមន៍ពិភពលោក។
គួររំឭកដែរថា អ្នកតវ៉ាប្រឆាំងនឹងកងទ័ពស៊ូដង់ ចំនួនច្រើនពាន់នាក់ បានចេញមកប្រមូលផ្ដុំគ្នាកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ ដើម្បីសម្ដែងការគាំទ្រដល់លោក ហាមដក និងរដ្ឋាភិបាលឈុតថ្មីរបស់លោក។
ការលបធ្វើឃាតនេះបានកើតឡើងក្នុងអំឡុងពេលដែលលោក ហាមដក កំពុងព្យាយាមកែបញ្ហាវិបត្តិសេដ្ឋកិច្ចដ៏ដុនដាប ដែលក្រោយពីការវាយប្រហារក្នុងថ្ងៃចន្ទ(ទី9មីនា) សហព័ន្ធវិជ្ជាជីវៈស៊ូដង់ ឬ SPA (Sudanese Professionals Association) ដែលជាក្បាលម៉ាស៊ីនផ្ដួលរំលំអតីតមេដឹកនាំស៊ូដង់ លោក បាសៀរ បានទាមទារឱ្យមានការតវ៉ាដើម្បីសម្ដែងការគាំទ្រដល់ការអនុញ្ញាតឱ្យជនស៊ីវិលឡើងធ្វើជាអ្នកគ្រប់គ្រងប្រទេស៕
https://www.youtube.com/watch?v=7TJ879i6RiU&feature=emb_logo
https://www.youtube.com/watch?v=foUNQU74liI&feature=emb_logo
https://www.youtube.com/watch?v=RL3Z00EAni8&feature=emb_logo
ប្រភព៖ សារព័ត៌មានបរទេស