អាណិតអ្នកស្រុក Wuhan! ជាអ្នករងគ្រោះសោះ តែមនុស្សភាគច្រើនបែរជាខ្លាចពួកគាត់ ដូចខ្លាច “Zombie”

អ្នកដំណើរនៃជើងហោះហើរពីប្រទេសជប៉ុន ទៅកាន់ប្រទេសចិន បដិសេធមិនព្រមឡើងយន្តហោះ បន្ទាប់ពីដឹងថា មានអ្នកស្រុក Wuhan រួមដំណើរជាមួយ។

អ្នក​ដំណើរ​បាន​តវ៉ា​ប្រឆាំង​មិន​ឱ្យ​ជនជាតិ​ចិន​មក​ពី​ Wuhan រួម​ដំណើរ​ជាមួយ ប៉ុន្តែ ចុង​ក្រោយ​ក៏​មាន​ការ​សម្រប​សម្រួល

នៅក្នុងជើងហោះហើរមួយពីប្រទេសជប៉ុន ទៅកាន់ប្រទេសចិន អ្នកដំណើរប្រមាណជាជាង 70នាក់ បានបដិសេធមិនព្រមឡើងយន្តហោះជាដាច់ខាត ដោយសារតែនៅក្នុងយន្តហោះនោះ មានវត្តមានអ្នកដំណើរជាជនជាតិចិនមកពីទីក្រុង Wuhan (ជាតំបន់កំពុងផ្ទុះការឆ្លងរាលដាលនៃមេរោគ Corona) ចំនួន 16នាក់ ដោយសារពួកគេភ័យខ្លាចឆ្លងមេរោគដ៏មហាប្រល័យនេះ។

ការប្រឆាំងតវ៉ាយ៉ាងដាច់ណាត់របស់អ្នកដំណើរជនជាតិជប៉ុនខាងលើ បានបណ្ដាលឱ្យជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ចិន Southern Airlines ដែលនឹងហោះចេញពីក្រុង Nagoya នៃប្រទេសជប៉ុន ទៅកាន់ទីក្រុងស៊ាងហៃ ប្រទេសចិន ត្រូវពន្យារពេលដល់ទៅ 5ម៉ោង កាលពីថ្ងៃទី28មករាកន្លងទៅ។

ក្រុមអ្នកដំណើរបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍នេះ ដកអ្នកដំណើរដែលជាអ្នកស្រុក Wuhan ទាំង 16នាក់នោះចេញពីជើងហោះហើរនេះ។ បញ្ហានេះ បានអូសបន្លាយពេលរហូតដល់មានវត្តមានរបស់បុគ្គលិកស្ថានទូតចិននៅ Nagayo។ ចុងក្រោយ អ្នកដំណើរជនជាតិជប៉ុនទាំងអស់ ក៏ព្រមឡើងយន្តហោះ និងហោះឆ្ពោះទៅកាន់ស៊ាងហៃ ប្រទេសចិន។

សូមបញ្ជាក់ថា ទីក្រុង Wuhan នៃខេត្ត Hebei ប្រទេសចិន ត្រូវបានអាជ្ញាធរប្រកាសបិទទ្វារ បន្ទាប់ពីអាសន្នរោគ Corona បានផ្ទុះឡើង។ ប៉ុន្តែ ប្រជាជននៅក្នុងទីក្រុងនេះ ប្រមាណជា 5លាននាក់ បានចាកចេញទៅកាន់តំបន់ផ្សេងៗក្នុងពិភពលោក ក្នុងនោះមានអ្នកស្រុក Wuhan ប្រហែលជាង 3,000នាក់ បានមកកាន់កម្ពុជា។

តាមសេចក្ដីរាយការណ៍នៅពេលព្រឹកនេះ (29 មករា 2020) ចំនួនអ្នកស្លាប់ដោយសារជម្ងឺរលាកសួតថ្មីដែលបង្កឡើងដោយមេរោគ Corona បានកើនដល់ 132នាក់ហើយ។ ចំណែកអ្នកដែលបានឆ្លងមេរោគនេះ មានចំនួនជិត 6,000នាក់ ខណៈដែលមនុស្សជិត 7,000នាក់ផ្សេងទៀត ត្រូវបានគេសង្ស័យថា កំពុងផ្ទុកមេរោគនេះ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement