ហេតុអ្វីយុវជនខ្មែរគួរតែសរសេរ Blog?

Blog គឺជាគេហទំព័រផ្ទាល់ខ្លួន ដែលបុគ្គលម្នាក់អាចសរសេរដើម្បីបញ្ចេញមតិយោបល់ ដើម្បីសរសេរពីគំនិតយល់ឃើញ ការកត់ត្រាពីព្រឹត្តិការណ៍ ឬការស្រាវជ្រាវណាមួយដែលបានដឹង រួមទាំងការសរសេរពីដំណើរជីវិតផ្ទាល់ខ្លួនជាដើម។ ការសរសេរ blog ជាវិធីសរសេររឿងដ៏ពេញនិយមរបស់យុវជន និងប្រជាជននៅទូទាំងពិភពលោកនៅក្នុងសម័យបច្ចេកវិទ្យានេះ។

ទោះជាបណ្តាញសង្គម បានរីកដុះដាលខ្លាំងយ៉ាងណាក៏ដោយ តែទម្លាប់នៃការសរសេរ Blog នៅតែត្រូវបានគេថែរក្សា ហើយភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាញសង្គម និង Blog បានយ៉ាងងាយទៀតផង។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលយុវជនខ្មែរគួរតែសរសេរ Blog។

1.Blog ជួយអភិវឌ្ឍការសរសេរ
អត្ថបទនីមួយៗ ដែលសរសេរនៅក្នុង Blog ជាអត្ថបទដែលមនុស្សភាគច្រើនទុកចិត្តក្នុងការសរសេរជាងការសរសេរអត្ថបទជាផ្លូវការនានា ព្រោះថានៅក្នុង Blog ជាពិភពមួយដែលខ្លួនឯងជាម្ចាស់លើគេហទំព័រនោះដោយមិនមានអ្នកណាគ្រប់គ្រង ឬចាំស្តីឱ្យនោះទេ។ លើសពីនេះទៅទៀត អត្ថបទដែលបានផ្សាយនៅក្នុង Blog អាចទទួលបាននូវការផ្តល់យោបល់ពីសំណាក់អ្នកអានពីការគាំទ្រ រួមទាំងគំនិតសម្រាប់ការកែតម្រូវផងដែរ។ គំនិតទាំងនេះ នឹងក្លាយជាទុននៃការពិចារណាសម្រាប់អភិវឌ្ឍអត្ថបទរបស់ខ្លួនឱ្យកាន់តែមានលក្ខណៈជាសកលឡើងសម្រាប់សាធារណជន។

2.Blog ជួយឱ្យខួរក្បាលមានរបៀប និងឆ្លាតជាងមុន
ការសរសេរ Blog ជាការកត់ត្រានូវរឿងរ៉ាវ និងការយល់ឃើញរបស់បុគ្គលម្នាក់ៗ។ នៅពេលដែលពួកគេសរសេរអ្វីគ្រប់យ៉ាងទៅជាអត្ថបទ គេនឹងក្លាយជាមនុស្សដែលមានអារម្មណ៍ស្ងប់ ហើយស្គាល់ខ្លួនឯងកាន់តែច្បាស់។ ម្យ៉ាងវិញទៀត ការសរសេរអត្ថបទនីមួយៗ គឺអាចធ្វើឱ្យយើងមើលឃើញពីលទ្ធផលនៃការគិតរបស់ខ្លួនឯង ហើយងាយស្រួលដកស្រង់យកវាមកធ្វើជាផែនការសកម្មភាពនៅក្នុងជីវិតឆ្ពោះទៅរកការអភិវឌ្ឍថែមទៀតផង។

3.Blog ជួយបង្កើនប្រជាប្រិយភាព
ជាធម្មតាមនុស្សគ្រប់គ្នាសុទ្ធតែអាចក្លាយជាអ្នកនិពន្ធបានទាំងអស់ ហើយការគិតរបស់មនុស្សតែងតែមានចំណុចល្អរៀងៗខ្លួន ហេតុនេះប្រសិនបើអ្នកចូលចិត្តសរសេរ សូមអ្នកសរសេរនូវការយល់ឃើញជាវិជ្ជមានទាំងអស់ ហើយធ្វើការចែករំលែកនៅក្នុងBlog។ នៅពេលដែលអត្ថបទរបស់អ្នកត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងជាប្រចាំ អ្នកនឹងអាចរកឃើញមនុស្សថ្មី ឬអាចទទួលបានការគាំទ្រពីអ្នកអាន ដែលវាជាកត្តាជំរុញឱ្យអ្នកកាន់តែខិតខំប្រឹងប្រែងដកស្រង់យកសក្តានុពលពីក្នុងខ្លួនមកសរសេរបានកាន់តែច្រើន ហើយអត្ថបទដែលសរសេរចេញពីចិត្តទាំងអស់នោះ អាចធ្វើឱ្យអ្នកក្លាយជាមនុស្ស ដែលទទួលបានការគាំទ្រពីមនុស្សទូទៅ ដែលអាចនឹងទទួលបានផលប្រយោជន៍ពីអត្ថបទរបស់អ្នកនៅពេលបន្ទាប់មក៕

Advertisement