ដំណឹងពីការមកដល់របស់ទូរស័ព្ទ LG G6 ត្រូវបានបង្ហើបឱ្យដឹង

បន្ទាប់ពីបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Mobile World Congress 2017 នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញតាំងពីខែកុម្ភះកន្លងមក ទូរស័ព្ទ LG G6 នៅមិនទាន់បង្ហាញខ្លួនក្នុងទីផ្សារខ្មែរយើងនៅឡើយទេ។ យ៉ាងណាមិញ ដំណឹងពីការមកដល់របស់វា ត្រូវបានក្រុមហ៊ុនតំណាងចែកចាយនៅកម្ពុជា បង្ហើបឱ្យដឹងថាវានឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ឆ្លើយប្រាប់អ្នកយកព័ត៌មានគេហទំព័ឡារ៉ែនតាមរយៈទូរស័ព្ទ កញ្ញា សេង មួយគាង អ្នកទំនាក់ទំនងព័ត៌មាន និងទីផ្សារបានឱ្យដឹងថា ក្រុមហ៊ុនផ្ទាល់នៅមិនទាន់កំណត់ថ្ងៃនាំចូលមកច្បាស់លាស់នៅឡើយទេ សម្រាប់ទូរស័ព្ទ LG G6 នេះ ប៉ុន្តែក៏មិនយូរទៀតដែរ។ កញ្ញាបន្តថា មានអតិថិជនជាច្រើនបានកំពុងរង់ចាំការមកដល់របស់ស្មាតហ្វូនមួយនេះ ហើយខាងក្រុមហ៊ុនក៏ត្រៀមរួចរាល់ហើយដែរ នៅចាំតែខាងក្រុមហ៊ុនធំ (LG បរទេស) ជាអ្នកកំណត់ថ្ងៃជាក់លាក់ប៉ុណ្ណោះ។

អ្នកនាង មួយគាង និយាយថា៖ «តាមដែលដឹងមក នៅមិនយូរទៀតទេ! ប្រហែលជាចុងខែមិថុនានេះឯង ប៉ុន្តែខ្ញុំមិនទាន់ដឹងថ្ងៃណាឱ្យប្រាកដនៅឡើយទេ ព្រោះថ្នាក់លើមិនទាន់ប្រាប់ព័ត៌មានអ្វីទេ»។

ទោះជាប្រភពព័ត៌មានមួយនេះ មិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ក៏ដោយ ប៉ុន្តែក៏វាជាដំណឹងមួយដ៏ល្អផងដែរ សម្រាប់អ្នកគាំទ្រផលិតផលទូរស័ព្ទ ជាពិសេស LG G6 ខណៈស្មាតហ្វូនមួយនេះដែលបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ចាប់ពីអេក្រង់ កាមេរ៉ា និងសមត្ថភាពដំណើរការ។

LG G6 មានអេក្រង់ទំហំ 5.7 អ៊ីញប្រភេទ IPS LCD Full Vision អាចបង្ហាញរូបភាពកម្រិត 18:9 Aspect Ratio និងកម្រិតភាពច្បាស់ 2880×1440 ភិចសែលជាមួយនឹងកម្រិតដង់ស៊ីតេ 565ppi ។ ក្នុងនោះ វាជាស្មាតហ្វូនដំបូងគេដែលរបស់ក្រុមហ៊ុនដែលបានបំពាក់មុខងារការពារជម្រាបទឹក និងការពារធូលីដី (IP68)។

សម្រាប់ផ្នែកខាងក្រោយ G6 បានបំពាក់កាមេរ៉ាភ្លោះ: Wide Angle ទំហំ 13 MP និង Normal ដែលមានទំហំ 13 MP ដែលខុសពីកាមេរ៉ាភ្លោះរបស់ LG G5 ដែលប្រើប្រាស់តែប្រព័ន្ធកាមេរ៉ាភ្លោះ 16MP + 8MP ។ ផ្នែក Normal ប្រើប្រាស់នូវមុខងារ OIS និង Autofocus ហើយកាមេរ៉ាមុខមានទំហំ 5 MP។ ក្រុមហ៊ុនក៏បានបំពាក់នូវបន្ទះឈីប Snapdragon 821 និងមាន Ram 4GB មេម៉ូរីក្នុងម៉ាស៊ីនទំហំ 32GB / 64GB ហើយវាក៏មានរន្ធដោតបន្ថែមនូវ microSD កាតថែមទៀតផង។

ស្មាតហ្វូននេះ ដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat និងប្រើប្រាស់នូវប្រព័ន្ធ Google Assistant ហើយមានថាមពលថ្មកម្លាំងខ្លាំង 3300mAh និងបច្ចេកវិទ្យា QuickCharge 3.0 ដែលអាចបញ្ជូលថ្មពេញបានរយៈពេល 96 នាទី ហើយវាអាចបញ្ចូលថ្មបាន 50% ដោយចំណាយពេលត្រឹមតែ 32 នាទីប៉ុណ្ណោះ៕

Advertisement