លោក Simeone ជំរុញឲ្យ Atletico ផ្តល់ការខកចិត្តដល់ Real ម្តង នៅរាត្រីនេះ

លោក Diego Simeone បានលើកទឹកចិត្តឲ្យក្រុម Atletico Madrid ជម្នះលើឧបស័គ្គ ក៏ដូចជាសំណាងអាក្រក់ផ្សេងៗឱ្យបាន នៅពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមដែលស្ថិតក្នុងទីក្រុងតែមួយជាមួយគ្នាគឺ Real Madrid នៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នាកីឡដ្ឋាន Vicente Calderon នារាត្រីនេះ។

Atletico នឹងត្រូវជួបការងារដ៏ធំមួយក្នុងការស្រោចស្រង់ពីការរងបរាជ័យ ៣-០ ក្នុងការប្រកួតជើងទី១កាលពីសប្តាហ៍មុន ប្រសិនបើពួកគេចង់គេចឲ្យផុតពីការធ្លាក់ចេញពីយុទ្ធនាការនេះជាលើកទី៤ជាប់ៗគ្នា ក្រោមស្នាដៃក្រុម Real។ ក្រុមយក្សអេស្ប៉ាញ Real បានទម្លាក់ក្រុម Atletico បីរដូវកាលជាប់ៗគ្នាក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប ក្រោយពីបានយកឈ្នះលើគូប្រកួតរបស់ពួកគេ ៤-១ នៅនាទីបន្ថែម១៥នាទីពីរដងនៃវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៤ មុននឹងយកឈ្នះលើក្រុម Atletico ម្តងទៀត ក្នុងលទ្ធផលទាំងពីរជើង ១-០ វគ្គ៨ក្រុមចុងក្រោយ ឆ្នាំ២០០១៥។ Atletico បានបន្តជួបការខកចិត្តពេលប៉ះ Real ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ដ Champions League កាលពីឆ្នាំ២០១៦ ដែលកាលនោះ ពួកគេបានរងបរាជ័យដោយការស៊ុតបាល់ប៉េណាល់ទី ក្រោយពីបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ បន្ទាប់ពីរយៈពេល១៥នាទីពីរដង។

នៅមុនពេលឈានទៅកាន់ការប្រកួតនៅថ្ងៃនេះ លោក Simeone បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា៖ «វាពិតជាលំបាកណាស់ វាលំបាកក្នុងការលើកទឹកចិត្តដល់កីឡាករក្នុងការប្រកួតមួយបែបនេះ។ យើងបានរងបរាជ័យក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតលីក និងក្នុងការប្រកួតជើងទី១។ យើងក៏ធ្លាប់រងបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ២លើកផងដែរ ហេតុនេះ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងត្រូវតែការពារឲ្យបានល្អនៅថ្ងៃនេះ។ ភាពរឹងមាំក្នុងតំបន់ការពារ នឹងរក្សាក្តីសង្ឃឹមរបស់យើងបានក្នុងការប្រកួតនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕
ប្រភពពី៖ Daily Star

Advertisement