ខ្សែប្រយុទ្ធអន្តរជាតិបារាំង Olivier Giroud បានបំពេញការផ្ទេរក្នុងតម្លៃខ្លួន 18លានផោន (ស្មើនឹង 25.56លានដុល្លារអាមេរិក) របស់គេទៅកាន់ក្លិប Chelsea និងបានចុះហត្ថលេខាលើកុងត្រារយៈពេល 18ខែ នៅឯកីឡដ្ឋាន Stamford Bridge។
នៅមុននេះបន្តិច កាលពីថ្ងៃពុធ ក្លិប Arsenal បានបំបែកកំណត់ត្រាផ្ទេររបស់ពួកគេ សម្រាប់ការបើកទីផ្សារដោះដូរកីឡាករជាលើកទី 2នៅរដូវកាលនេះ តាមរយៈការបំពេញការផ្ទេរខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្លិប Borussia Dortmund ក្នុងតម្លៃខ្លួន 56លានផោន (ស្មើនឹង 74លានដុល្លារអាមេរិក)។ ដោយឡែក ក្លិបយក្សរបស់អាល្លឺម៉ង់មួយនេះ បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Michy Batshuayi ពីក្លិប Chelsea ជំនួសវិញក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលនេះ។
Giroud នឹងពាក់អាវលេខ 18ក្នុងក្លិបថ្មីរបស់គេ ក្រោយពីការចូលរួមរបស់គេបានកើតឡើង មុនពេលក្លិប Dortmund បានប្រកាសពីការខ្ចីជើង Batshuayi។ Aubameyang វ័យ 28ឆ្នាំ ដែលបានចុះហត្ថលេខាលើកុងត្រាមួយជាមួយនឹងក្លិប Arsenal រហូតដល់ឆ្នាំ2021នោះ នឹងក្លាយជាកីឡាករចំណូលថ្មីមានឈ្មោះល្បីទី 2របស់ Arsenal នៅខែមករានេះ ក្រោយពី Henrikh Mkhitaryan បានចូលរួមដោយមកពីក្លិប Manchester United។
ការផ្ទេរមួយនេះ នឹងបង្កើនជម្រើសក្នុងតំបន់ប្រយុទ្ធរបស់ Arsenal ក្រោយពីការចាកចេញរបស់ Alexis Sanchez ទៅកាន់ Man United ក្នុងការផ្ទេរមួយដែលមានការដោះដូរជាមួយនឹង Mkhitaryan ប៉ុន្តែ វាបានបង្កើតឲ្យមានសំណួរជាច្រើនជុំវិញអនាគតរបស់ Alexandre Lacazette ក្នុងជម្រើសទាំង 11នាក់ដំបូង៕
ប្រភពពី៖ The Guardian