ផ្ទះ​របស់លោក Emery ត្រូវបាន​ចោរ​ចូល​ប្លន់​ក្នុង​ថ្ងៃ​ប្រកួត​របស់ PSG

ផ្ទះជួល​របស់លោក Unai Emery គ្រូបង្វឹករបស់ក្រុម Paris Saint-Germain ត្រូវបាន​ចោរ​ចូលទៅ​គាស់ កាលពី​ល្ងាច​ថ្ងៃ​ពុធ ខណៈដែល​ក្រុម​របស់លោក​បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត League Cup នៅលើ​ទឹកដី​ក្រុម Strasbourg។

ករណី​ចូល​ប្លន់​ដល់​ក្នុងផ្ទះ ដែល​បាន​កើតឡើង​នៅ​ជាន់​ខាងលើ​នៃ​ផ្ទះល្វែង​មួយ​ក្នុង​ទីក្រុង​ប៉ារីស​នេះ ត្រូវ​បានដឹង​ដោយ​ភរិយា​របស់លោក Emery នៅវេលា​ម៉ោង11យប់។ លោក Emery ផ្ទាល់ បាន​វិលត្រឡប់​ពី​ការប្រកួត​នៅលើ​ទឹកដី​ក្រុម Strasbourg នៅ​ព្រឹក​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ អាវ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ខ្សែប្រយុទ្ធ Neymar និង​នាឡិកា​ម៉ាក Rolex មួយគ្រឿង សុទ្ធសឹង​ស្ថិតក្នុង​ចំណោម​ទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​ចោរលួច ខណៈដែល​ក្រុមគ្រួសារ​របស់លោក Emery បានប្រាប់ប៉ូលិសថា ទ្រព្យសម្បត្តិដែលបាត់បង់មានតម្លៃសរុប2ម៉ឺនអឺរ៉ូ។

ប៉ូលិសបាននិយាយថា៖ «ទ្វារត្រូវបានបិទជិត ប៉ុន្តែ មិនចាក់សោនោះត្រូវបានចោគាស់ចូល ហើយក្រុមចោរទាំងនោះបានលួចកាបូបដែលមានតម្លៃខ្ពស់ជាច្រើននៅក្នុងនោះ មានដូចជា គ្រឿងអលង្ការ អាវកីឡាបាល់ទាត់ និងសម្លៀកបំពាក់ថ្លៃៗជាច្រើន» ក្រុម Paris Saint-Germain បាន​ជួប​រាត្រី​ដ៏​រីករាយ​នៅលើ​ទឹកដី​ក្រុម Strasbourg ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 4-2 ដើម្បី​កក់​កៅអី​ក្នុង​វគ្គ8ក្រុម​ចុងក្រោយ​នៃ​ពាន League Cup របស់​បារាំង។ លោក Emery នឹងត្រូវដឹកនាំក្រុម PSG ធ្វើដំណើរទៅប្រកួតនៅលើទឹកដីក្រុម Rennes ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 នៅរាត្រីថ្ងៃសៅរ៍នេះ ខណៈដែលក្រុមរបស់លោកនឹងសម្លឹងរកការដណ្តើមឲ្យបាន3ពិន្ទុ។ បច្ចុប្បន្នក្រុម PSG កំពុងតែនាំមុខលើតារាងដោយមាន44ពិន្ទុពីការប្រកួត17លើកខណៈដែលក្រុម Rennes កំពុងឈរលេខ6 ដោយមាន25ពិន្ទុ។ ការប្រកួតនៅថ្ងៃសៅរ៍នេះនឹងចាប់ផ្តើមនៅម៉ោង11យប់៕

ប្រភពពី៖ Sport24 

Leave a Comment