រោងចក្រដំឡើងរថយន្តតូយ៉ូតា​នៅ​កម្ពុជា​ សម្ពោធបើក​ដំណើរ​ការ​ជា​ផ្លូវការ​

នាថ្ងៃទី2 ឧសភា​ 2024 នេះ រោង​ចក្រ​ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងត្រូវបាន​សម្ពោធ​បើក​ដំណើរ​ការ​ជាផ្លូវការ ក្រោម​​អធិបតី​ភាព​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

រោងចក្រដំឡើងរថយន្តតូយ៉ូតានៅ​កម្ពុជា គឺជាក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​របស់​ Toyota Tsusho Corporation របស់​ជន​ជាតិ​ជប៉ុន និង​ក្រុម​ហ៊ុន​ខ្មែរ គង់ នួន​ គ្រុប ដែល​ក្នុង​នោះ ក្រុម​ហ៊ុន​ជប៉ុន​មាន​ភាគហ៊ុន 90% និង​ក្រុមហ៊ុន​ខ្មែរកាន់​កាប់​ 10​%។

ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក​ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ការ​​បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួនពីរ​ប្រភេទ រួម​មាន ទីមួយ​ជាប្រភេទ SUV ម៉ាក FORTUNER និងទីពី​ជាប្រភេទ Pick-UP ម៉ាក HILUX។

រោង​ចក្រ​ដែល​មានទុនវិនិយោគ​ជាង​ 36​លាន​ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន 150​នាក់​នេះ ​មានសមត្ថភាពដំឡើងរថយន្តចំនួន 1,320​គ្រឿងសម្រាប់ឆ្នាំ​ 2024។​ រថយន្ត​ដែល​រោង​ចក្រ​នេះ​ត្រូវ​​ផ្គុំ​ដំឡើង​គឺ រថយន្ត FORTUNER ចំនួន 290​គ្រឿង និងរថយន្ត HILUX ចំនួន 1,030​គ្រឿង។

បច្ចុប្បន្ន កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្ត សរុបចំនួន 6 បូក​រួម​ទាំង​រោង​ចក្រ​តូយ៉ូតា។ ក្នុង​នោះ​ រួម​មាន​ជាអាទិ៍​ រោង​ចក្រ​ផលិតរថយន្ត Ford, Hyundai, KIA, និង​ GTV ជា​ដើម​។

Advertisement