យានបាឡុងហោះដំបូងរបស់​ចិន ​ជោគ​ជ័យ​ក្នុង​ជើង​ហោះ​ហើរ​សម្ពោធ​ជា​ផ្លូវការ

យានប្រភេទ​បាឡុងហោះ​មាន​មនុស្ស​បើកបរ​ AS700 ដែល​អភិវឌ្ឍ​ដោយ​ក្រុម​វិស្វករ​ចិន បាន​ទទួល​ជោគជ័យ​ក្នុង​ជើងហោះ​ហើរ «សម្ពោធ» ជា​ផ្លូវ​ការ​​លើក​ដំបូង​​ កាល​ពី​ថ្ងៃទី 30 ខែ​មីនា ឆ្នាំ 2024​។

យាន AS700 ហោះ​ឡើង​ពី​ទីក្រុង​ Jingmen នៃ​ខេត្ត Hubei នៅវេលាម៉ោងជាង​ 6 ព្រឹក​ ថ្ងៃទី 30 ខែមីនា ឆ្នាំ 2024​ និង​ចុះ​ចត​ដោយ​ជោគ​ជ័យ​នៅឯ​ទីក្រុង​ Jingzhou របស់​ខេត្ត​ Hubei ដដែល​ បន្ទាប់​ពី​ការ​ហោះ​ហើរ​រយៈ​ពេល​ 106 នាទី​។ AS700 ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Jingzhou ក្នុង​រយៈ​ពេល​ខ្លី មុន​នឹង​​ហោះ​ត្រលប់​ទៅ​កាន់​ទីក្រុង​ Jingmen វិញ ដើម្បី​បញ្ចប់​ជើង​ហោះសម្ពោធ​ជា​ផ្លូវការ​​លើក​ដំបូង​។

ស្ថាប័ន​ដែល​អភិវឌ្ឍ​ AS700 គឺជា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​ចិន (AVIC) ដែល​ជា​អ្នក​ផលិត​យន្តហោះ​​ដ៏​ធំ​មួយ​របស់​ប្រទេស​នេះ​។ AS700 ត្រូវ​បាន​រំពឹង​ថា នឹង​អាច​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ទេសចរណ៍​នៅ​លើ​អាកាស​ បេសកកម្មសង្គ្រោះ​បន្ទាន់ ក៏ដូច​ជា​ការ​ផ្ដល់​សេវាកម្ម​នានា​នៅ​ក្នុង​ទីក្រុង​។

យានបាឡុង​ហោះ​ថ្មី​នេះ​អាចផ្ទុក​​ទម្ងន់​បាន​ 4,150 គីឡូក្រាម​ និង​អាច​ហោះ​បានចម្ងាយ​ 700 គីឡូម៉ែត្រ​ ក៏ដូច​ជា​ហោះហើរ​​បាន​ 10 ម៉ោង​។​ AS700 ​អាច​ដឹក​មនុស្ស​បាន​ 10 នាក់ បូក​រួម​ទាំង​អ្នក​បើក​បរ​ម្នាក់​។ យាន​ជំនិះ​នេះ អាច​ហោះ​ក្នុង​ល្បឿន​រហូត​ដល់ 100 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

ជើងហោះ​ហើរ​កាលពី​ថ្ងៃទី 30 មីនា បាន​​ជួយ​បញ្ជាក់​​អំពី​ប្រសិទ្ធភាព​របស់ AS700។ ជើង​ហោះ​ហើរ​នេះ​ក៏​បាន​ជួយត្រួត​​ពិនិត្យ​​អំពី​លទ្ធភាព​គាំទ្រ​របស់ក្រុម​បច្ចេកទេស​ផងដែរ​។

លោក Li Hong ដែល​ជាអ្នក​បើកបរ​នៅក្នុង​ជើង​ហោះ​ហើរ​កាល​ពី​ថ្ងៃទី 30 មីនា​ និយាយ​ថា AS700 អាច​ហោះឡើង និង​ចុះ​ចត​បញ្ឈរ​ត្រង់​នៅ​ទីតាំង​ចង្អៀត ដែល​នេះ​ក៏ជួយ​កាត់បន្ថយ​ការ​ចំណាយ​បាន​ច្រើន​ទៅ​លើ​ដំណើរ​ការ​ ព្រោះ​តែ​ដី​ធ្លី​បច្ចុប្បន្ន​មាន​តម្លៃ​ខ្ពស់​ខ្លាំង​។

យាន​ជំនិះ AS700 បាន​ទទួល​វិញ្ញាបនបត្រ​ពី​នាយកដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ចិន (CAAC) កាល​ពី​ខែ​ធ្នូ ឆ្នាំ 2023​ ហើយ​ក៏​បាន​ក្លាយ​ជា​យន្តហោះ​ទម្រង់​បាឡុង​ដំបូង​ដែល​អភិវឌ្ឍ​ និង​ទទួល​ស្គាល់​ដោយ «​ឯករាជ្យ»​។

លោក Du Wei ប្រធាន​គម្រោង​ AS700 បាន​ឱ្យ​ដឹង​ថា ពួក​គេ​ទទួលបាន​ការ​បញ្ជា​ទិញ​ប្រហែល​ 20 គ្រឿង​រួចទៅ​​ហើយ ក្នុង​នោះ​ មួយ​គ្រឿង​ដំបូង​គ្រោង​នឹង​ត្រូវ​បាន​ប្រគល់​ឱ្យ​អតិថិជន​នៅ​ចុង​ឆ្នាំ​នេះ​។

លោក Du និយាយ​ថា ក្រុម​របស់​លោក​កំពុង​ឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​ផ្ដោត​​សំខាន់​ទៅ​លើ​សេវា​គយគន់​ទេសភាព​ពី​អាកាស ហើយ​សង្ឃឹម​ថា នឹង​ពង្រីក​​ទៅ​កាន់​វិស័យ​ដទៃ ដូច​ជា​បេសកកម្ម​សង្គ្រោះ​បន្ទាន់​ និង​សេវា​សាធារណៈ​នៅ​ក្នុងទីក្រុង​ជា​ដើម​៕

Advertisement