រ៉ុក្កែត​ Space One របស់​ជប៉ុន ផ្ទុះ​ខ្ទេច​ ពេល​ទើប​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ

ការ​បាញ់បង្ហោះ​រ៉ុក្កែត​ជាលើក​ដំបូង​របស់​ Space One ដែល​ជា​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​ទទួល​បរាជ័យ​ នៅ​ពេល​រ៉ុក្កែត​ផ្ទុះ​ ខណៈទើប​​ហោះ​ឡើង​ពី​ជើង​ទ្រ​។

កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា ក្រុម​ហ៊ុន​អវកាស​ជប៉ុន បាន​បាញ់​បង្ហោះ​រ៉ុក្កែត​មួយ​គ្រឿង​ដែល​មាន​ឈ្មោះ​ថា KAIROS លេខ​ 1 ដើម្បី​នាំ​យក​ផ្កាយ​រណប​សិប្បនិម្មិត​ទៅ​កាន់​គន្លង​គោចរ​។

បើ​សិន​បាន​ឆ្លង​ផុត​ឧបសគ្គ​នេះ Space One នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​ឯកជន​ដំបូង​គេ​របស់​ជប៉ុន ដែល​បាញ់បង្ហោះ​រ៉ុក្កែត​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ដោយ​ជោគ​ជ័យ​។

នៅ​ក្នុង​​ដំណាក់​កាល​ត្រៀម​​ ក្រុម​ការ​ងារ​មិន​បាន​រកឃើញ​បញ្ហាណា​មួយ​ឡើយ​។ រ៉ុក្កែត​ដែល​មាន​ 4 ជាន់ ​ប្រវែង 18 ម៉ែត្រ និង​ទម្ងន់ 23 តោន របស់ Space One ក៏​ហោះ​ឡើង​ត្រូវ​ទៅ​តាម​ការ​គ្រោង​ទុក​ នៅ​វេលា​ម៉ោង 11:01 (ម៉ោង​នៅ​ប្រទេស​ជប៉ុន​)។

ក៏ប៉ុន្តែ រ៉ុក្កែត​បាន​ផ្ទុះ​ បន្ទាប់ពី​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ​បាន​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ បំណែក​ខ្លះ​របស់​វា​បាន​ធ្លាក់​ទៅ​លើ​ភ្នំ​នៅ​ក្បែរ​នោះ ចំណែក​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​សមុទ្រ​។

នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​បរាជ័យ​ដ៏ធំ​មួយ​សម្រាប់​ការ​ប្រឹង​ប្រែង​របស់​ជប៉ុន ដើម្បី​ចូល​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​បាញ់​បង្ហោះ​ផ្កាយ​រណប ​ដែល​មាន​សក្តានុពល​ក្នុង​ការ​រក​ផល​ចំណេញ​។

 

Advertisement