Hacker បី​ក្រុម​​ប្រកាស​ថា បាន​វាយ​ប្រហារ​លើ Facebook/Instagram

ក្រោយ​ពី​ហេតុ​ការណ៍​ Facebook, Instagram, Threads និង Messenger «នាំ​គ្នា» ឈប់​ដំណើរ​ការ​នៅ​ទូទាំង​ពិភពលោក​ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​អ្នក​ប្រើប្រាស់​ នៅ​ម៉ោង​ប្រហែល​ 22 និង 25 នាទី ថ្ងៃទី 05 មីនា (ម៉ោង​នៅ​កម្ពុជា) ក្រុម​ហ៊ុន​សន្តិសុខ​បណ្ដាញ​អ៊ីនធើណិត Cyberint បាន​រាយ​ការណ៍​ថា «ចោរ​អ៊ីនធើណិត» (hacker) ចំនួន​បី​ក្រុម​ រួម​មាន Anonymous Sudan, Skynet និង Godzilla បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​​រឿង​នេះ​។

បន្ទាប់​ពី​​ហេតុការណ៍​បាន​កើត​ឡើង Anonymous Sundan ក៏​បាន​បង្អួត​ស្នាដៃ​ តាម​រយៈ​ក្រុម​ Telegram «ការ​វាយ​ប្រហារ​តាម​អ៊ីនធើណិត​ ធ្វើ​ឱ្យ​ Facebook គាំង ដែល​បង្កើត​ឡើង​ដោយ​​​ក្រុម​របស់​យើង និង​ក្រុម​ហែកឃើរ​ពីរ​ផ្សេង​ទៀត​ គឺ Skynet និង Godzilla!»។ គោលដៅ​របស់ពួក​គេ​គឺ​ ការ​វាយ​ប្រហារ​ និង​បិទ​ទ្វារ​ថ្នាល​បច្ចេកវិទ្យា​ដូច Facebook និង Instagram ជាដើម​។

ក៏ប៉ុន្តែ Cyberint ឱ្យដឹង​ថា មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​ Facebook, Instagram, Threads និង Messenger ត្រូវ​ផ្អាក​ដំណើរ​ការ​គឺ​ដោយ​សារ​ក្រុម​ទាំង​បី​ខាង​លើ​។

ការ​បង្អួត​ស្នាដៃ​របស់ក្រុម​ Anonymous Sundan

បើ​សិន​វា​ពិត​ជា​ស្នាដៃ​របស់​ក្រុម​ហែកឃើរ​ទាំង​បី​នេះ​មែន នោះ​ការ​វាយ​ប្រហារ​នេះ​មិន​មែន​ជា​លើក​ដំបូង​ដែល​ក្រុម​ទាំង​នេះបាន​សហការ​គ្នា​នោះ​ទេ​។ កាល​ពី​ខែ​ធ្នូ​ឆ្នាំ 2023 ក្រុម​ទាំង​បី​នេះ​​ធ្លាប់​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សហការ​វាយ​ប្រហារ​លើ​ទំព័រ​ចុះ​ឈ្មោះ​ចូលរបស់​​ Discord ​។ មុន​នោះ ក្រុម​នេះ​ក៏​ធ្លាប់​បាន​រៀប​ផែនដី​វាយ​ប្រហារ​ ChatGPT ផងដែរ​។

Facebook មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​នៅ​ឡើយ ទាក់​ទង​នឹង​ព័ត៌មាន​ខាងលើ​។ រហូត​មក​ដល់​បច្ចុប្បន្ន​ Facebook ទំនង​ជា​មិន​ទាន់​រៀប​រយ​ទាំង​ស្រុង​នៅ​ឡើយ​ ព្រោះ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​ចូល​ប្រើ​ប្រាស់​បាន​៕

Advertisement