សេដ្ឋកិច្ច​សិង្ហបុរី​ ទទួល​បាន​រាប់​រយ​លាន​ដុល្លារ​ពី​​ការ​ប្រគំ​តន្ត្រី​ Taylor Swift

ការ​សម្ដែង​របស់​ Swift កាល​ពី​ខែ​កុម្ភៈ 2024 នៅ​ Sydney

ការ​សម្ដែង​ និង​ច្រៀង​របស់​តារា​ចម្រៀង​ Taylor Swift ត្រូវ​បាន​រំពឹង​ថា នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ជិត 400 លាន​ដុល្លារ​អាម៉េរិក សម្រាប់​សិង្ហបុរី​ នៅ​ពេល​សេវា​កម្ម​ជា​ច្រើន​ផ្ទុះ​ការពេញ​និយម​​។

នា​ថ្ងៃ​ទី 04 មីនា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ សហគមន៍​ និង​យុវជន​សិង្ហបុរី Edwin Tong បាន​ថ្លែង​ចំពោះ​មុខ​សភា​ប្រទេស​នេះ​ថា សេដ្ឋកិច្ច​នឹង​ទទួល​ផល​ធំ​ពី​ការ​ប្រគំតន្ត្រី​របស់​តារា​ចម្រៀង​ស្រី Taylor Swift នៅ​ទី​នេះ​។ «ខ្ញុំ​អាច​ធានា​បាន​ថា ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​សិង្ហបុរី​គឺ​ពិត​ជា​ធំ​ណាស់ ហើយ​លើស​ពី​ទឹក​ប្រាក់​ដែល​បាន​ចំណាយ​សម្រាប់​ Taylor Swift មក​សម្ដែង​នៅ​ទី​នេះ​» លោកថ្លែង​ដូច្នេះ​។

លោក​រដ្ឋមន្ត្រី​ក៏​មិន​ភ្លេច​លើ​ឡើង​អំពី​ផល​ប្រយោជន៍ផ្ទាល់​ផ្នែក​​សេដ្ឋកិច្ច​ ដែល​រួម​មាន​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ ប្រាក់​ចំណូល​ពី​សំបុត្រ​យន្តហោះ​ សំបុត្រ​ចូល​ទស្សនា​ការ​សម្ដែង កន្លែង​ស្នាក់​នៅ ក៏​ដូច​ជា​ប្រាក់​ចំណូល​ដែល​បាន​ពី​សេវា​កម្សាន្ត​ ការ​ទិញដូរ​ទំនិញ និង​ការ​ហូប​ចុក​នៅ​សិង្ហបុរី​ជា​ដើម​។ មន្ត្រី​នៅ​ធានាគារ Maybank ឱ្យ​ដឹង​ថា ប្រមាណ 70% នៃ​ភ្ញៀវ​ដែល​មក​ទស្សនា​ការ​សម្ដែង​នេះ​គឺជា​ជន​បរទេស​។

កាល​ពី​ខែ​កន្លង Strait Times ចេញ​ផ្សាយ​ថា អ្នក​សេដ្ឋកិច្ច​ប៉ាន់​ស្មាន​ថា ការ​ប្រគំ​តន្ត្រី​របស់ Taylor Swift នាំ​មក​នូវ​ប្រាក់​ចំណូល​ពី 350 ដល់ 500 លាន​ដុល្លារ​សិង្ហបុរី​ (ពី 260 ដល់ 371.9 លាន​ដុល្លារ​អាម៉េរិក​) សម្រាប់​សេដ្ឋកិច្ច​សិង្ហបុរី​។

តួលេខ​​ពី​ក្រុម​ហ៊ុន​ទិន្នន័យ​សណ្ឋាគារ​ Smith Travel Research ឱ្យ​ដឹង​ថា បន្ទាប់​ពី​ Swift បាន​ប្រកាស​កាល​បរិច្ឆេទ​សម្ដែង​ភ្លាម ចំនួន​ភ្ញៀវ​ដែល​បាន​កក់​បន្ទប់​សណ្ឋាគារ​នានា​នៅ​សិង្ហបុរី ក្នុង​ខែ​មីនា 2024 បាន​កើន​ 10%​។

លើ​ទំព័រ CNBC ក្រុម​ហ៊ុន​អាកាសចរណ៍ Singapore Airlines និង Scoot ឱ្យ​ដឹង​ថា តម្រូវ​ការ​ហោះ​ហើរ​ទៅ​កាន់​សិង្ហបុរី​ ក្នុង​ខែ​មីនា កើន​ឡើង​ខ្ពស់​ខ្លាំង​ ពិសេស​អ្នក​ដំណើរ​ពី​តំបន់​អាស៊ី​អាគ្នេយ៍​។ Jetstar Asia ក៏​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា តម្រូវ​ការ​ហោះ​ហើរ​កើន 20% ចំពោះ​បណ្ដា​ជើង​ហោះ​ហើរ​ពី​បាងកក ម៉ានីល និង​ហ្សាការតា​ ទៅកាន់​សិង្ហបុរី​។

ដំណើរ​សម្ដែង​របស់ Taylor swift នៅ​សិង្ហបុរី នឹង​អូស​បន្លាយ​ពេល​ 6 ថ្ងៃ ចាប់​ពី​ថ្ងៃទី 02 ដល់ទី 09 ខែ​មីនា​ ឆ្នាំ 2024​។ សំបុត្រ​ទាំង​ 300,000 សន្លឹក​សម្រាប់​ទស្សនា​ការ​សម្ដែង​ 6 យប់​ ត្រូវ​បាន​លក់​អស់​គ្មាន​សល់​។ តម្លៃ​សំបុត្រ​ពិសេស​ (VIP) គឺជាង 900 ដុល្លារ​អាម៉េរិក​។

Eras Tour របស់​ Taylor បាន​ចាប់​ផ្ដើម​ពី​ខែ​មីនា​ឆ្នាំ 2023 ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ខែធ្នូ​ឆ្នាំ​ 2024​ ក្នុង​នោះ​មាន​ការ​សម្ដែង​ចំនួន 151 យប់​។ ក្នុង​ការ​សម្ដែង​មួយ​យប់ មាន​ទស្សនិក​ជន​ប្រហែល 72,000 នាក់​ ដែល​​គ្រោង​នឹង​រក​បាន​ចំណូល​ 17 លាន​ដុល្លារ​អាម៉េរិក​៕

Advertisement