ស្ថានភាព​បច្ចុប្បន្ន​របស់​យាន​រុក​រក​ភាវៈរស់​របស់​ណាសា​លើ​ភព​អង្គារ

មូលហេតុ​ពិត​ប្រាកដ​ដែល​នៅ​ពី​ក្រោយ​ «ការ​ស្លាប់»​ របស់​យាន​ស្វែង​រក​ភាវៈ​រស់​ Ingenuity ទើប​តែ​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​នៅក្នុង​រូប​ដែល​ថត​ដោយ​មិត្ត​រួម​ការ​ងារ​របស់​វា​។

Ingenuity គឺជា​យាន​ស្រាវជ្រាវ​ដែល​មាន​រូប​រាង​ជា​កូន​ឧទ្ធម្ភាគ​ចក្រ​ ដែល​បាន​ចុះ​ចត​ជាមួយ​នឹង​យាន Perseverance លើ​ផ្ទៃ​ភព​អង្គារ​ កាល​ពី​ខែ​កុម្ភៈ 2021​។

Ingenuity គឺជា​អ្នក​នាំ​ផ្លូវ​របស់​ Perseverance ដែល​មាន​មាឌ​ធំ​ជាង និង​បំពាក់​ឧបករណ៍​វិទ្យា​សាស្ត្រ​ច្រើន​។ បន្ទាប់​ពី​ Ingenuity បាន​បញ្ចប់​បេសក​កម្ម​របស់​ខ្លួន​ដោយ​ឧបទ្ទវហេតុ​កាល​ពី​ចុង​ខែមករា​ឆ្នាំ​នេះ​ ណាសា​នៅ​តែ​បន្ត​ស្វែង​រក​មូលហេតុ​នៃ​បញ្ហា​នេះ​។

មុន​នោះ ណាសា​យល់​ថា បញ្ហា​បាក់​ស្លាប​ចក្រ​ ​គឺ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​ Ingenuity ជួប​ត្រូវ​ «ស្លាប់»​។ វា​ទំនង​ជា​បាន​ធ្លាក់​ពី​កម្ពស់​មួយ​ម៉ែត្រ នៅ​ពេល​កំពុង​ចុះ​ចត​ នាំ​ឱ្យ​​ស្លាបចក្រ​​ត្រូវ​បាក់​។

ក៏ប៉ុន្តែ រូប​ថត​ថ្មី​ដែល​ត្រូវ​បាន​ថត និង​បញ្ជូន​មក​កាន់​ផែនដី​ដោយ​យាន Perseverance ក្រោយ​ពី​ការ​ស្វែង​រក​មិត្ត​រួម​ការ​ងារ អស់​មួយ​រយៈ​ពេល​​ បង្ហាញ​ថា ស្ថានភាពរបស់ Ingenuity ​ធ្ងន់​ធ្ងរ​ជាង​ការ​សន្និដ្ឋាន​មុន​នេះ​ទៅ​ទៀត​។ នេះ​បើ​តាម​ Space.com

នៅ​ក្នុង​រូប​ថត​ថ្មីបំផុត​ Ingenuity បាន​បាត់​បង់​ស្លាប​ចក្រ​មួយ​ទាំង​ស្រុង​ នៅ​ក្នុង​ចំណោម​ស្លាប​ចក្រ​ទាំង​បួន​របស់​វា​។

ណាសា​ឱ្យ​ដឹង​ថា សេណារីយ៉ូ​ដែល​អាច​កើត​ឡើង​បំផុត​គឺ​ ដោយ​សារ​តំបន់​ដែល​ Ingenuity ចុះ​ចតចុង​ក្រោយ​ និងបាន​​ជួប​បញ្ហា​​នេះ ​គឺ​សុទ្ធ​តែ​ជា​ដី​ខ្សាច់​ ខណៈ​វា​មិនអាច​មើល​ឃើញ​ផ្ទៃ​ដីតាម​ភាព​ជាក់​ស្ដែង​ ​នៅ​ពេល​ចុះ​ចត​ នាំ​ឱ្យ​វា​ត្រូវ​ផ្អៀង ហើយ​ស្លាប​ក៏​ត្រូវ​កាប់​ទៅ​លើ​ដី​ពេញ​ទំហឹង​។

បើ​ទោះ​ជា​នោះ​គឺជា​ដំណឹង​អាក្រក់ ប៉ុន្តែ Ingenuity បាន​បង្ហាញ​អំពី​សមត្ថភាព​ដ៏អស្ចារ្យ បន្ទាប់​ពី​ដំណើរ​ការ​បាន​ពីរ​ឆ្នាំ​នៅ​លើ​ភព​អង្គារ​ គ្រា​ដែល​គម្រោង​ដំបូង​ ណាសា​បាន​រំពឹង​ថា Ingenuity អាច​ដំណើរ​ការ​ល្អ​ក្នុង​រយៈ​​ពេលតែ​ 30 ថ្ងៃ​​ប៉ុណ្ណោះ៕

នៅ​ក្នុង​រូប​ថត​ថ្មីបំផុត​ Ingenuity បាន​បាត់​បង់​ស្លាប​ចក្រ​មួយ​ទាំង​ស្រុង​ នៅ​ក្នុង​ចំណោម​ស្លាប​ចក្រ​ទាំង​បួន​របស់​វា​។
ស្លាប​ចក្រ​មួយ​របស់​ Ingenuity ក៏​ត្រូវ​ខូច​
Advertisement