ក្រុម​ហ៊ុន​អាកាសចរណ៍​ថៃ ទិញ​យន្តហោះ​ 45 គ្រឿង​ពី Boeing

អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Thai Airways ឱ្យ​ដឹង​ថា បណ្ដា​យន្តហោះ​ Dreamliner ដែល​បាន​បញ្ជា​ទិញ​ពី​ Boeing នឹង​ត្រូវ​បាន​បំពាក់​ម៉ាស៊ីន​សន្សំ​សំច័យ​ឥន្ធនៈ ដើម្បី​ជួយ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​។

ក្រុម​ហ៊ុន​ផលិត​យន្តហោះ Boeing នា​ថ្ងៃទី 20 កុម្ភៈ​នេះ បាន​ប្រកាស​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​ថៃ Thai Airways បាន​បញ្ជា​ទិញ​យន្តហោះ Dreamliner ចំនួន 45 គ្រឿង​ ដែល​នេះ​គឺជា​ការ​លក់​ដ៏​ធំ​លើក​ទីមួយ​របស់​​ក្រុម​ហ៊ុន​អាម៉េរិក​នៅ​ក្នុង​ពិព័រណ៍​អាកាសចរណ៍​សិង្ហបុរី​។

ប្រកាស​របស់ Boeing ឱ្យ​ដឹង​ថា Thai Airways បាន​ជ្រើស​យក​យន្តហោះ​ 787-9 ដើម្បី​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​យូរ​អង្វែង​របស់​ក្រុម​ហ៊ុន​នេះ នៅ​ក្នុង​ការ​ប្ដូរផ្លាស់​​ថ្មី និង​បង្កើន​ក្រុម​ហោះ​ហើរ​សម្រាប់​ប្រភេទ​យន្តហោះ​សន្សំ​សំច័យ​ឥន្ធនៈ​ ក៏​ដូច​ជា​ការ​ពង្រីក​ជើង​ហោះ​ហើរ​ថ្មី​របស់​ខ្លួន​។

អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Thai Airways ឱ្យ​ដឹង​ថា បណ្ដា​យន្តហោះ​ Dreamliner ដែល​បាន​បញ្ជា​ទិញ​ពី​ Boeing នឹង​ត្រូវ​បាន​បំពាក់​ម៉ាស៊ីន​សន្សំ​សំច័យ​ឥន្ធនៈ ដើម្បី​ជួយ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​។ យោង​តាម​ Boeing យន្តហោះ Dreamliner ជួយ​កាត់បន្ថយ​ការ​ប្រើប្រាស់​ឥន្ធនៈ និង​ការ​បំភាយ​ឧស្ម័ន​ពុល​បាន​រហូត​ដល់ 25% បើ​ធៀប​នឹង​បណ្ដា​យន្តហោះ​ដែល​ជំនួស​ដោយ Dreamliner។

តម្លៃ​នៃ​ការ​ជួញដូរ​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹងនៅឡើយ​ ប៉ុន្តែ​បើ​យោង​តាម​តម្លៃ​យន្តហោះ​ខាងលើ​ដែល​ត្រូវ​បាន​ប្រកាស​ ការ​ទិញ​ដូរ​នេះ​អាច​មាន​តម្លៃ​សរុប​ឡើង​ដល់ 13.16 ពាន់​លាន​ដុល្លារ​អាម៉េរិក​៕

Advertisement