ផ្ទាំង​សូឡា​តម្លៃ​ទាប​នាំ​ចូល​ពី​ប្រទេស​​ចិន​ កំពុង​ធ្វើ​ឱ្យ​អឺរ៉ុប​ឈឺក្បាល​

ក្រុម​អ្នក​ផលិត​នៅ​អឺរ៉ុប​ នាំ​គ្នា​សុំ​ជំនួយ​ ព្រោះ​តែ​មិន​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​នឹង​ផ្ទាំង​សូឡា​តម្លៃ​ទាប​ដែលផលិត​នៅ​ប្រទេស​ចិន​ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​វិធី​ដោះ​ស្រាយ​ដែល​មិន​មាន​ផល​វិបាក​។

សហភាព​អឺរ៉ុប (EU) ទើប​តែ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​វិស័យ​ថាមពល​បៃតង​នា​ឆ្នាំ​កន្លង​។ ពួក​គេ​បាន​ដំឡើង​ផ្ទាំង​សូឡា​ច្រើន​ជាង​ឆ្នាំ 2022 រហូត​ដល់ 40% បើ​គិត​អំពី​អានុភាព​។ ក៏ប៉ុន្តែ ជោគ​ជ័យ​នេះ​មិន​បាន​ជួយ​អ្វី​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​​ផ្ទាំង​សូឡា​ក្នុង​ស្រុក​។ ព្រោះ​ថា ផ្ទាំង​សូឡា ក៏ដូច​ជា​ជើង​ទម្រ​ និង​ឧបករណ៍​ដំឡើង​ ភាគ​ច្រើន​​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​ថាមពល​អន្តរជាតិ​។

នៅ​​ពេល​ត្រូវ​បាន​ផ្ដួល​ដោយ​សារ​គូ​ប្រជែង​មក​ពី​ចិន​​ បូក​រួម​នឹង​ស្ថាន​ភាព​បរិមាណ​ច្រើន​លើស​ពីតម្រូវ​ការ​ ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ EU បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​។ ការ​ប្រកាស​បិទ​ទ្វារ​រោង​ចក្រ​កំពុង​កើត​ឡើង​ជា​ហូរហែ​នៅ​អឺរ៉ុប​។ វិស័យ​ឧបករណ៍​អគ្គិសនី​ព្រះ​អាទិត្យ​នៅ​អឺរ៉ុប​បាន​ព្រមាន​ថា ផលិត​កម្ម​ប្រមាណ​ពាក់​កណ្ដាល​អាច​នឹង​បាត់​ខ្លួន​ពី​ទីផ្សារ​ បើ​សិន​រដ្ឋាភិបាល​មិន​ជួយ​ដោះ​ស្រាយ​។

បណ្ដា​ក្រុម​ហ៊ុន​នៅ​អឺរ៉ុប​បាន​ចោទ​ប្រកាន់​ថា ក្រុម​ហ៊ុន​នានា​នៅ​ប្រទេស​ចិន​ កំពុង​លក់​ទំនិញ​ក្នុង​តម្លៃ​ទាប​ជាង​ការ​ចំណាយ​ក្នុង​ការ​ផលិត​។ Gunter Erfurt ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​អគ្គិសនី​ព្រះ​អាទិត្យ​ Meyer Burger និយាយ​ថា វិស័យ​ឧស្សាហកម្មនៅ​ប្រទេស​ចិន​ ទទួល​បាន​ជំនួយ​ច្រើន​រាប់​រយ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ពី​រដ្ឋាភិបាល​​របស់​ពួក​គេ។

ក្រុម​អ្នក​ច្បាប់​របស់​រដ្ឋាភិបាល​នានា​នៅ EU កំពុង​ប្រឹង​ប្រែង​ដោះ​ស្រាយ ប៉ុន្តែ​ នៅ​មិន​ទាន់​រក​ឃើញ​ចំណុច​ឯកភាព​គ្នា​នៅ​ឡើយ​ ទាក់​ទង​នឹង​បញ្ហា​ខាងលើ។ រដ្ឋមន្ត្រីសេដ្ឋកិច្ច​របស់​ប្រទេស​ខ្លះ​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​​ចំពោះ​រឿង​ដែល​ថា ក្រុម​មន្ត្រី​ EU អាច​នឹង​ពិចារណា​លើ​ការ​កាត់​បន្ថយ​ពាណិជ្ជកម្ម​ចំពោះ​ផ្ទាំង​សូឡា​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន​ ដោយ​លើក​ហេតុ​ផល​ថា ប្រការ​នេះ​អាច​រារាំង​​ល្បឿន​នៃ​ការ​រីក​ចម្រើន​របស់​វិស័យ​ថាមពល​បៃតង​នៅ​អឺរ៉ុប​ជា​ដើម​ ខណៈ​ដែល​មន្ត្រី​ប្រទេស​ខ្លះ​ទៀត​ថា នឹង​រឹត​បន្តឹង​ការ​នាំ​ចូល​ផលិត​ផល​នេះ​ពីប្រទេស​ចិន​៕

Advertisement