សំណង់​ថ្មី​​មួយ​ក្រុម​ដែល​បំបែក​កំណត់​ត្រា​ពិភពលោក​នៅ​ឌូបៃ

តំបន់​ចម្រុះ​ One Za’abeel ដែល​រួម​មាន​អគារ​ចំនួន​​ពីរ​ កម្ពស់​ 305 ម៉ែត្រ និង 235 ម៉ែត្រ ហើយ​នៅ​កណ្ដាល​គឺជា​ស្ពាន​ដែល​មាន​ប្រវែង 230 ម៉ែត្រ​​ដ៏​ពិសេស​។

តំបន់​ចម្រុះ​ One Za’abeel ដែល​ទើប​សង់​ថ្មី​នៅ​ឌូបៃ របស់ អេមីរ៉ាត​អារ៉ាប​រួម​ ត្រូវ​បាន​សាងសង់​ដោយ​ក្រុម​ហ៊ុន​ជប៉ុន Nikken Sekkei។ One Za’abeel មាន​រចនា​សម្ព័ន្ធ cantilever វែង​បំផុត​លើពិភពលោក​ ពោល​គឺ​ប្រហែល 66 ម៉ែត្រ​។ នេះ​បើ​តាម​ Design Boom ចុះ​ផ្សាយ​កាលពី​ថ្ងៃទី 01 មករា 2024​។ Cantilever គឺជា​រចនា​សម្ព័ន្ធ​ផ្ដេក​​ដែល​ត្រូវ​បាន​ភ្ជាប់​តែ​មួយ​ចំហៀង​ទៅ​នឹង​សសរ​បញ្ឈរ​។

One Za’abeel រួម​មាន​អគារ​កប់​ពពក​ចំនួន​ពីរ​ គឺ The Tower និង The Residences ដែល​តភ្ជាប់​នឹង​គ្នា​ដោយ​ស្ពាន​បិទជិត​មួយ​ដែល​មាន​ឈ្មោះ​ថា The Link។ ដោយ​ស្ថិត​នៅ​ច្រក​ចូល​ទៅ​កាន់​តំបន់​ហិរញ្ញវត្ថុ​នៅ​កណ្ដាល​ក្រុង​ឌូបៃ គម្រោង​នេះ​គឺជា​ចំណុច​លេច​ធ្លោ​ចំពោះ​ភ្ញៀវ​ដែល​មក​ពី​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ឌូបៃ​។

សំណង់​នេះ​ឆ្ពោះ​ទៅ​រកការ​បង្កើត​សហគមន៍​សកម្ម​ធំ​មួយ​ ដែល​​បម្រើ​​ប្រជាជន និង​ភ្ញៀវ​អន្តរ​ជាតិ។​ ក្នុង​នោះសំណង់​នេះ​ផ្ដល់​​​ជម្រើស​​ច្រើន​ដល់​ភ្ញៀវ​ទេសចរណ៍​​ មាន​ដូច​ជា ភោជនីយដ្ឋាន​ ហាង​លក់​រាយ​ តំបន់​សម្រាប់ការិយាល័យ សណ្ឋាគារ លំហ​បៃតង សួន​ច្បារ និង​អាង​ហែល​ទឹក​។ល។

Advertisement