ខ្សែ​រថភ្លើង​ដែល​តភ្ជាប់​រាជធានីរបស់​ថៃ​ និង​រដ្ឋធានី​របស់​​​ឡាវ នឹង​ដំណើរ​ការ​​សាកល្បង​នៅ​ក្នុង​ខែ​កុម្ភៈខាង​មុខ​

ក្រុម​ហ៊ុន​ផ្លូវ​ដែក​រដ្ឋ​ថៃ (SRT) មាន​គម្រោង​ពង្រីក​ខ្សែ​រថភ្លើង​ Bangkok-Nong Khai ទៅ​កាន់​រដ្ឋ​ធានី​វៀង​ចន្ទន៍​របស់​ប្រទេស​ឡាវ ចាប់​ពី​ខែ​មេសា​ឆ្នាំ​ 2024។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Thaitrainguide​។

ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​នៃ​ក្រសួង​ដឹក​ជញ្ជូន​ថៃ លោក Pichet Kunadhamraks ឱ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន SRT បាន​ដំណើរ​ការ​ខ្សែ​រថភ្លើង​ពី​ Nong Khai ​នៅ​ភាគ​ពាយព្យ​ប្រទេស​ថៃ ទៅ​កាន់​ស្ថានីយ​ Thanaleng របស់​ឡាវ​។

ចាប់​ពី​ខែ​កុម្ភៈ​ខាង​មុខ SRT នឹង​ដំណើរ​ការសាកល្បង​​ខ្សែ​រថភ្លើង​ពី​ស្ថានីយ Nong Khai ឆ្លង​កាត់​ Thanaleng ទៅ​កាន់​ស្ថានីយ Khamasavath ថ្មី នៅ​វៀងចន្ទន៍​ ដើម្បី​ត្រៀម​ដំណើរ​ការ​ជា​ផ្លូវ​ការ​ចាប់​ពី​ខែ​មេសា​ ឆ្នាំ 2024​។

ស្ថានីយ​ Nong Khai មាន​ចម្ងាយ​ពី​ស្ថានីយ Khamsavath ប្រហែល 13 គីឡូម៉ែត្រ​។ សំបុត្រ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ប្រហែល​ 20 នាទី​នេះ នឹង​មាន​តម្លៃ​ប្រហែល​ពី 60 – 70 បាត (1.68 – 1.96 ដុល្លារ​អាម៉េរិក​)​។

នៅ​ពេល​ដំណើរ​ការ​ជា​ផ្លូវ​ការ​ ខ្សែ​រថភ្លើង​ Bangkok-Nong Khai ដែល​ចេញ​ដំណើរ​ពី​ស្ថានីយ​ Krung Thep Aphiwat (ប្រទេស​ថៃ) នឹង​ត្រូវ​បាន​ប្ដូរ​ឈ្មោះទៅ​ជា​ Bangkok-Vientiane (Khamsavath)៕

Advertisement