យាន​អវកាស​ជប៉ុន​ឈប់​ដំណើរ​ការ​ក្រោយ​ការ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​បាន​បី​ម៉ោង

ជិត​បី​ម៉ោង​​បន្ទាប់​ពី​ការ​ចុះ​ចត​លើ​ឋាន​រណប​តែមួយ​គត់​របស់​ផែនដី យាន​អវកាស​របស់​ជប៉ុន​ក៏​ឈប់​ដំណើរ​ការ​ និង​កំពុង​រង់​ចាំ​ពន្លឺ​ព្រះ​អាទិត្យ​ចាំង​ទៅលើ​ផ្ទាំង​សូឡា​របស់​វា​។ នេះ​បើ​តាម​អង្គការ​អវកាស​ជប៉ុន​ (JAXA)។

យាន​អវកាស​ SLIM ឬ​ហៅ​ថា Moon Sniper បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​កាល​ពី​វេលាម៉ោង​ 22 និង 20 នាទី ថ្ងៃទី 19 មករា 2024​ ជួយ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទីប្រាំ​ដែល​មាន​យាន​ធ្វើ​សកម្មភាព​នៅ​លើ​ទីឋាន​រណប​ធម្មជាតិ​របស់​ផែនដី​។ ក៏ប៉ុន្តែ បន្ទាប់​ពី​ SLIM បាន​ចុះ​ចត JAXA មិន​អាច​ដឹង​បាន​ថា ផ្ទាំង​សូឡា​របស់​យាន​នេះ​កំពុង​ផលិត​អគ្គិសនី​ ឬ​អត់​។

ក្រោយ​ការ​ចុះ​ចត​បាន​ជិត​បីម៉ោង JAXA ក៏​បាន​ផ្អាក​ដំណើរ​ការ​របស់ SLIM ដើម្បី​ឱ្យ​វា​អាច​ដំណើរ​ការ​ឡើង​វិញ​នៅ​ពេល​ព្រះ​អាទិត្យ​ជះពន្លឺ​លើ​ផ្ទាំង​សូឡា។ នៅ​មុន​ពេល​បិទ​ដំណើរ​ការពី​ចម្ងាយ ស្ថានីយ​គ្រប់​គ្រង​បេសកកម្ម​​ក៏​បាន​ទទួល​ទិន្នន័យ​ពី​ដំណើរ​ការ​ចុះ​ចត​ និង​ពី​ផ្ទៃ​ព្រះ​ចន្ទ​។

SLIM (Smart Lander for Investigating Moon) ត្រូវ​បាន​បាញ់​បង្ហោះ​ជាមួយ​នឹង​កែវ​យឹត​អវកាស​ XRISM។ XRISM ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​លើ​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី​ បន្ទាប់​ពី​​ត្រូវ​បាន​បាញ់បង្ហោះ​ ខណៈដែល​ SLIM បន្ត​ហោះ​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​។ SLIM បាន​ហោះ​ទៅ​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 25 ធ្នូ 2023​។

Advertisement