ប្រាំពាន់​លាន​នាក់​កំពុង​តែ​ក្រទៅៗ ខណៈអ្នក​មាន​ជាង​គេ​​ប្រាំ​នាក់​កាន់​តែ​មាន​ឡើង

របាយការណ៍​ថ្មី​បំផុត​របស់ Oxfam International បាន​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណ 5 ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​​កំពុង​តែ​ក្រទៅៗ ស្រប​ពេល​ដែលកំពូល​​មហា​សេដ្ឋី​ 5 រូប​​ បែរ​ជា​មានជាង​មុន​ទ្វេ​ដង​ក្នុង​រង្វង់​ 3 ឆ្នាំ​ចុង​ក្រោយ​នេះ។

អង្គការ​មនុស្ស​ធម៌​ Oxfam International ដែល​ជា​សម្ព័ន្ធ​អន្តរជាតិ​មាន​អង្គការ​ចំនួន 21 ជាសមាជិក និង​ធ្វើសកម្មភាព​នៅ​ក្នុង​ប្រទេស​ជាង 80 កាល​ពី​ថ្ងៃទី 14 មករា 2024 បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​​គម្លាត​​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​។ របាយការណ៍​នេះ​បង្ហាញ​ថា ចាប់​ពី​ឆ្នាំ 2020 ទ្រព្យ​សម្បត្តិ​របស់​កំពូល​មហា​សេដ្ឋី​ 5 រូប​របស់​ពិភពលោក​ បាន​កើន​ 114% ឡើង​ដល់ 869 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

បុគ្គល​ទាំង​ 5 រូប​ខាងលើ​នេះ រួម​មាន​ នាយក​ប្រតិបត្តិ​ Tesla លោក Elon Musk, ម្ចាស់​ LVMH លោក Bernard Arnault, លោក Jeff Bezos ស្ថាបនិក​របស់ Amazon, សហស្ថាបនិក​របស់ Oracle លោក Larry Ellison និង​មហា​សេដ្ឋី Warren Buffett

Oxfam យល់​ថា បើ​សិន​ទំនោរ​នេះ​ចេះ​តែ​បន្ត​ ពិភពលោក​​អាច​នឹង​មាន​មនុស្ស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់លាន​លាន​ (ទ្រីលាន) ដុល្លារ​អាម៉េរិក​ដំបូង​គេ​ នៅ​ក្នុង​មួយ​ទសវត្សរ៍​ទៀត​។

ចំណែក​មនុស្ស​ជិត 5 ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​បែរ​ជា​ក្រទៅ​ៗ​ ដោយ​សារ​អតិផរណា សង្គ្រាម និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​។ ជាមួយ​នឹង​ល្បឿន​ដូច​បច្ចុប្បន្ន ពិភព​លោក​នឹង​ត្រូវ​ការ​ពេលវេលា​​ជិត 230 ឆ្នាំទៀត ទើប​អាច​លុប​បំបាត់​អស់​ភាព​ក្រី​ក្រ​។ យោង​តាម Oxfam ពលករ​ពិភពលោក​ជិត 800 លាន​នាក់​ ទទួល​បាន​ប្រាក់​ខែ​ក្នុង​អំឡុង​ពីរ​ឆ្នាំ​កន្លង «មិន​អាច​តាម​ទាន់​អតិផរណា»​។

របាយការណ៍​របស់ Oxfam ត្រូវ​បាន​ធ្វើ​ឡើង​ដោយយោង​ទៅ​តាម​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO), ធនាគារ​ពិភពលោក​ (WB), Wealth-X និង​ Forbes។ ពួក​គេ​ឱ្យ​ដឹង​ថា​ មនុស្ស​ 1% ដែល​មានបំផុត​នៅ​លើ​ពិភពលោក​ បច្ចុប្បន្ន​ក្ដោប​ក្ដាប់​ 43% នៃ​ហិរញ្ញវត្ថុ​ទូទាំង​សកល​លោក​។ នៅ​សហរដ្ឋ​អាម៉េរិក​ អត្រា​នេះ​គឺ 32% ខណៈ​នៅ​អឺរ៉ុប​គឺ 47% និង​អាស៊ី​គឺ 50%​៕

Advertisement