ថៃ និង​ចិន លើក​លែង​ទិដ្ឋាការ​ជា​រៀង​រហូត​ដល់​ពលរដ្ឋរបស់​គ្នា

នាយករដ្ឋមន្ត្រី​ថៃ Srettha Thavisin នា​ថ្ងៃទី 02 មករា 2024 នេះ បាន​ឱ្យ​ដឹង​ថា ប្រទស​ថៃ និង​ប្រទេស​ចិន​ នឹង​អនុវត្តគោលនយោបាយ​លើកលែង​ទិដ្ឋាការ​ជា​រៀង​រហូត​ដល់​ពលរដ្ឋ​របស់​គ្នា​ ចាប់​ពី​ថ្ងៃទី 01 មីនា 2024​។

នេះ​គឺជា​ជំហាន​ថ្មី​មួយ បន្ទាប់​ពី​​រាជ​រដ្ឋាភិបាល​ថៃ បាន​ចាប់​ផ្ដើម​​អនុវត្ត​គោលនយោបាយ​លើក​លែង​ទិដ្ឋាការ​ជា​ឯកតោ​ភាគី​ ដល់​ពលរដ្ឋ​ចិន​ ចាប់​ពី​ថ្ងៃទី 25 កញ្ញា 2023​ និង​បញ្ចប់​ត្រឹម​​ថ្ងៃទី 29 កុម្ភៈ 2024​។

លទ្ធផល​ខាង​លើ​ស្ថិត​ក្នុង​គោលនយោបាយរបស់​ថៃ​ ក្នុង​បំណង​ពង្រឹង​ «អំណាច» របស់​លិខិត​ឆ្លង​ដែន​ថៃនៅ​លើឆាក​អន្តរជាតិ​។

ក្រសួង​ទេសចរណ៍និង​កីឡា​ថៃ កាល​ពី​ម្សិលមិញបាន​ប្រកាស​ថា ប្រទេស​នេះ​បាន​ទទួល​ភ្ញៀវ​អន្តរជាតិ​ចំនួន 28.04 លាន​នាក់​ នៅ​ក្នុង​ឆ្នាំ 2023​។ ក្នុង​នោះ ប្រទេស​ចិន​ឈរ​លំដាប់​​ទីពីរ​ (3.52 លាន​នាក់) ក្នុង​ចំណោម​ប្រទេស​ និង​ដែន​ដី​ដែល​មាន​ពលរដ្ឋ​មក​លេង​ប្រទេស​នេះ​​ច្រើន​ជាង​គេ​នៅ​ក្នុង​ឆ្នាំ 2023​។

ប្រទេស​ថៃ​ដាក់គោលដៅ​ទទួល​ភ្ញៀវ​អន្តរជាតិឱ្យ​បាន​យ៉ាង​តិច 35 លាន​នាក់​នៅ​ក្នុង​ឆ្នាំ​ 2024 ក្នុងនោះ​ ពលរដ្ឋ​ចិន​ត្រូវ​បាន​រំពឹង​ថា នឹង​រួម​ចំណែក​​ប្រហែល 8 លាននាក់​៕

Leave a Comment