កម្ពុជា​បើក​ការដ្ឋាន​ស្ថាបនា​កំពង់ផែ​ទឹកជ្រៅ​ថ្មី ជំហាន​ទីមួយ​

គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទីមួយ​ ត្រូវបានប្រកាស​បើកការដ្ឋានជាផ្លូវការ ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន​ពីរ​គ្រឿង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាល​ពី​ម្សិល​មិញ​។

នៅ​ក្នុង​ពិធី​ខាងលើដែល​បាន​រៀប​ចំ​ឡើង​ កាលពីព្រឹកថ្ងៃ​ទី 22 ធ្នូ 2023 ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន​ បាន​រាយការណ៍​ថា ចំណត់​​ផែកុងតឺន័រ​​ទឹក​ជ្រៅថ្មី ជំហាន​ទីមួយ មាន​ប្រវែង​ 350 ម៉ែត្រ ជម្រៅ​ទឹក​សាងសង់​ 14.5 ម៉ែត្រ អាច​អនុញ្ញាត​ឱ្យ​នាវា​កុងតឺន័រមាន​ចំណុះផ្ទុក​ 6​​ ម៉ឺន​តោន ដែល​មាន​ផ្លូវ​ទឹក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដឹក​ជញ្ជូន​ទៅ​មក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។

លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បន្ថែម​ថា គម្រោងនេះ​នឹង​ប្រើ​ប្រាស់​រយៈ​ពេល​ 36 ខែ​សម្រាប់​ការ​សាងសង់​ ហើយគ្រោង​​​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ 2026​។

ចំណែក​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត​ វិញ មាន​ប្រសាសន៍​ថា កំពង់ផែ​ក្រុង​ព្រះ​សីហនុ គឺជា​ផែ​នាំ​មុខ​សម្រាប់​ការធ្វើពាណិជ្ជកម្ម​ក្នុងតំបន់ និង​ពិភពលោក​។ ដូច្នេះ រាជរដ្ឋាភិបាល​មាន​ផែនការ​កសាង​កំពង់ផែ​នេះ​ឱ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូនលំដាប់​​តំបន់​។

Advertisement