ឥណ្ឌូណេស៊ី​ បញ្ចុះ​អត្រាពន្ធ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​

ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ 2025 ឥណ្ឌូណេស៊ី នឹង​បញ្ចុះ​អត្រា​ពន្ធ​សម្រាប់​បណ្ដា​ក្រុម​ហ៊ុនទាំង​ឡាយ​ណា​ដែល​មាន​គម្រោង​បង្កើត​រោង​ចក្រ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ ដែល​នេះ​បញ្ជាក់​ថា ទីក្រុង​ហ្សាការតា កំពុង​រកវិធី​អូស​ទាញ​អ្នកវិនិយោគ​បន្ថែម​ទៀត​។

យោង​តាម​គោល​ការណ៍​ថ្មី​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី 12 ធ្នូ និង​មាន​សុពលភាព​ចាប់​ពី​ពេល​នេះ​ បណ្ដា​ក្រុម​ហ៊ុន​ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍​ខាងលើ​ រួម​មាន៖ បណ្ដា​ក្រុម​ហ៊ុន​ដែល​បាន​វិនិយោគ​ទៅ​លើ​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី និង​កំពុង​មាន​គម្រោង​បង្កើន​ការ​វិនិយោគ​ទៅ​លើ​រថយន្ត​អគ្គិសនី​ ឬ​មាន​គម្រោង​វិនិយោគ​។

សេចក្ដី​សម្រេច​ថ្មី​នេះ​នឹង​លុប​បំបាត់​ពន្ធនាំ​ចូល​ និង​ពន្ធ​លើ​ទំនិញប្រណិត​ ចំពោះ​រថយន្ត​​ដំឡើង​រួច​រាល់​ដែល​បាន​នាំ​ចូល​ប្រទេស​នេះ​។ គោលការណ៍​ថ្មី​នេះ​ក៏​ផ្ដល់​អត្ថប្រយោជន៍ដល់​​ប្រភេទ​ពន្ធ​អាករ​ដែល​ត្រូវ​បង់​ជូន​អាជ្ញាធរ​ក្នុង​ស្រុក​ផងដែរ​។

កាល​ពី​ពេល​កន្លង គោលការណ៍​ចាស់ដែល​បាន​ដាក់ចេញ​ដោយ​ប្រទេសដែល​ជា​ទីផ្សារ​រថយន្ត​ធំជាង​គេ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​ផ្ដល់​អត្ថប្រយោជន៍​ដូច​ខាង​លើ​ចំពោះ​តែ​រថយន្ត​មិន​ទាន់​ដំឡើងរួច​រាល់​​ប៉ុណ្ណោះ​។

ឥណ្ឌូណេស៊ី បាន​កំណត់គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន 600,000 គ្រឿង​នៅ​ឆ្នាំ 2030​។ តួលេខ​នេះ​ខ្ពស់ជាង​ 100 ដង បើ​ធៀប​នឹង​ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ក្នុង​ប្រទេស​នេះ នៅក្នុង​ 6 ខែ​ដំបូង​នៃ​ឆ្នាំ 2023​។

ក្រុម​ហ៊ុន​មួយ​ចំនួន​ ក្នុង​នោះ​មាន Hyundai របស់​កូរ៉េខាង​ត្បូង ជា​ដើម បាន​ និង​កំពុង​វិនិយោគ​នៅ​ ឥណ្ឌូណេស៊ី​។ Neta EV របស់​ចិន និង Mitsubishi Motors របស់​ជប៉ុន ក៏​បាន​ចូល​រួម​វិនិយោគ​នៅ​ប្រទេស​នេះ​។ បច្ចុប្បន្ន ឥណ្ឌណេស៊ី កំពុង​អូស​ទាញ​ Tesla របស់​អាម៉េរិក និង BYD របស់​ចិន​ បន្ថែម​ទៀត​៕

Advertisement