ផ្លូវ​ល្បឿន​លឿន​ប្រវែងជិត 280 គីឡូម៉ែត្រ រត់​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​ធំ​បំផុត​នៅប្រទេស​ចិន

ផ្លូវ​ល្បឿន​លឿន Tukun ជួយ​តភ្ជាប់​ទីក្រុង​ពីរ​នៅ​ក្នុង​តំបន់​ស៊ីនជាំង និង​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​ពី​ជាង​ 6 ម៉ោង មក​នៅ​ត្រឹម​ប្រហែល​ 3 ម៉ោង​។

ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ដែល​រត់​ឆ្លង​កាត់ Taklamakan ដែល​ជា​សមុទ្រ​ខ្សាច់​ធំ​បំផុត​នៅ​ប្រទេស​ចិន​ និង​ស្ថិត​ក្នុង​តំបន់​ស្វយ័ត​ស៊ីន​ជាំង របស់​ប្រទេស​ចិន ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ថ្ងៃទី 01 ធ្នូ 2023​។

ផ្លូវ​ល្បឿន​លឿន Tukun ដែល​តភ្ជាប់​ទីក្រុង​ពីរ​គឺ Tumushuke និង Kunyu នៅ​ក្នុង​តំបន់​ស៊ីនជាំង មាន​ប្រវែង​សរុប 276 គីឡូម៉ែត្រ​។ នេះ​គឺជា​ផ្លូវ​ល្បឿន​លឿង​ទីបួន​ដែល​រត់​ឆ្លង​កាត់​ Taklamakan ដែលជា​សមុទ្រ​ខ្សាច់​ធំជាង​គេ​លំដាប់​ទី​ពីរ​របស់​ពិភពលោក​។

នៅ​ពេល​ដាក់​ឱ្យ​ដំណើរ​ការ ផ្លូវ​ល្បឿន​លឿន​ថ្មី​នេះ​​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ Tumushuke និង Kunyu ពី​​ជាង​ 6 ម៉ោង ចុះ​មក​នៅ​ត្រឹម​ប្រហែល​ 3 ម៉ោង​។

«មុន​នេះ​ យើង​ត្រូវ​ធ្វើដំណើរ​វាង​វង់ប្រហែល 600 គីឡូម៉ែត្រ​។ ប៉ុន្តែ​ផ្លូវ​ថ្មី​នេះ ជួយ​កាត់បន្ថយ​ចម្ងាយ​ផ្លូវបាន​​ប្រហែល 300 គីឡូម៉ែត្រ​» អ្នក​ដំណើរ​ម្នាក់​ឈ្មោះ Shi Chengshan ឱ្យ​ដឹង​ដូច្នេះ​។

​ស្ពាន​មួយ​ខ្សែ​ដែល​មាន​ឈ្មោះ​ថា Yerqiang ក៏​ត្រូវ​បាន​សាងសង់​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ ដើម្បី​ជួយ​ការ​ពារ​សត្វ​ព្រៃ​៕

Advertisement