វិនិយោគគិនជប៉ុន និងកម្ពុជា ប្រមាណ 60 ក្រុមហ៊ុន រៀបចំវេទិកា​មួយ​ដើម្បី​​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅស្រុក​ខ្មែរ

កាល​ពីថ្ងៃ​ទី 20 ខែវិច្ឆិកា 2023 វេទិកា «ធុរកិច្ច ភាពជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន» ដើម្បី​សិក្សា​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅ​ក្នុង ​កម្ពុជា ក៏​ដូចជា​ការស្វែងរក​ដៃគូ និង​ កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ត្រូវ​បាន​រៀប​ចំ​ឡើងដោយ​មាន​ការ​ផ្តូចផ្តើម​ពី​ធនាគារ អេស៊ីលីដា និង សហការដោយ​សមាគម​ជប៉ុន-កម្ពុជា។

ជំនួប​ធុរកិច្ចនេះ​រៀបចំឡើងនៅទី​ស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ដោយមានការចូលរួមពីអ្នកវិនិយោគជប៉ុនមក​ពី​ 28 ក្រុមហ៊ុន និង អ្នកវិនិយោគកម្ពុជា មក​ពី​​ក្រុមហ៊ុន​ជាង​ 30 ស្ថាប័ន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ ក្រសួង​ព័ត៌មាន​ កាល​ពី​ដើម​សប្ដាហ៍​នេះ​។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិធនាគារ អេស៊ីលីដា ឱ្យ​ដឹង​ថា ជំនួប​ធុរកិច្ច​ខាង​លើ​នេះ​គឺ​ជាឱកាសសម្រាប់ឱ្យអ្នកវិនិយោគកម្ពុជា-ជប៉ុន ជួបគ្នា និង​សិក្សា​ស្វែងរក​អត្ថប្រយោជន៍​រួម​នៃ​ការវិនិយោគ​ដ៏​មាន​សក្តានុពល​នៅ កម្ពុជា។

វិនិយោគិន​ជប៉ុន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​វិនិយោគ​នៅ​លើ​ទឹក​ដី​កម្ពុជា ដែល​ជា​ទីកន្លែង​ផ្តល់​នូវ​សុខ​សន្តិភាព​ពេញ​លេញ និងសម្បូរ​បែប។

នេះជាលើកទីបី​ហើយដែលធនាគារ អេស៊ីលីដា សហការជាមួយសមាគម​ជប៉ុន-កម្ពុជា រៀបចំវេទិកា «​ធុរ​កិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន»។ វេទិកានេះ ត្រូវបានគេរំពឹងថា ​ជា​ជំនួប​ដ៏​វិសេស​វិសាល ដើម្បី​ពង្រឹង និង​ បំពេញ​តម្រូវការ​ជូន​ធុរជន​ក្នុងការស្វែងយល់ពីវិស័យធុរកិច្ចនានា​នៅ​កម្ពុជា​៕

Advertisement