​ថៃបញ្ជាក់​​ថា ​កម្មវិធី «កាបូប​លុយ 10,000 បាត» នឹង​ត្រូវ​បាន​អនុវត្ត​

នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin កាល​ពីថ្ងៃទី 29 តុលា ប្រកាស​ថា កម្មវិធី​ «កាបូប​លុយ​ 10,000 បាត» ប្រាកដ​ជា​នឹង​ត្រូវ​បានអនុវត្ត​ចាប់​ពី​ខែ​កុម្ភៈ 2024 ដូច​បាន​កំណត់​ ហើយ​ថា ថ្នាល​បច្ចេកវិទ្យា និង​តម្លៃ​ជា​គោល​របស់​កម្មវិធី​នេះ​ក៏​ប្រាកដ​ជា​នឹង​ត្រូវ​បាន​រក្សា​ដូច​ដើម​។

បន្ទាប់​ពី​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី ឧបនាយក​រដ្ឋមន្ត្រី Phumtham Wechayachai ក៏​បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​ថៃ​បាន​ធ្លាក់​ទៅ​ក្នុង​ភាព​យឺត​យ៉ាវ​ក្នុង​អំឡុង​ប្រហែល 10 ឆ្នាំ​កន្លង និង​ត្រូវ​ការ​យន្តការ​ជំរុញ​ខ្លាំង​ក្លា​ ដើម្បី​បង្កើត​សម្ទុះ​សម្រាប់​ការ​អភិវឌ្ឍ​។

យោង​តាម​លោក Phumtham បញ្ហា​ទាំង​​ឡាយ​ដែល​ត្រូវ​បាន​ព្យាករ​ថា​ អាច​នឹង​កើត​ឡើង​​នៅ​ពេល​អនុវត្ត​កម្មវិធី ​«10,000 បាត» នេះ រដ្ឋាភិបាល​មាន​ដំណោះ​ស្រាយ​រួច​ហើយ​។

កន្លង​មក កម្មវិធី «កាបូប​លុយ 10,000 បាត» ត្រូវ​រង​សម្ពាធ​ច្រើន​ពី​សាធារណមតិ នៅ​ពេល​ពួក​គេ​យល់​ថា កម្មវិធី​នេះ​អាច​​ប្រឈម​​នឹង​ភាព​មិន​​ស្រប​ច្បាប់ លទ្ធភាព និង​ប្រសិទ្ធភាព​ នាំ​ឱ្យ​រដ្ឋាភិបាល​ថៃ ត្រូវ​ធ្វើ​ការ​កែ​តម្រូវ​​។ ថ្មី​ៗ​នេះ កាល​ពី​ថ្ងៃទី 25 តុលា នាយករដ្ឋមន្ត្រី​ថៃ​ក៏​បាន​យល់​ស្រប​តាម​សំណើ​របស់​ធនាគារ​ជាតិ​ថៃ ស្ដី​ពី​ការ​ដក​អ្នក​មាន​ចេញ​ពី​ក្រុម​គោលដៅ​ដែលត្រូវ​​ចូល​រួម​ទទួល​ផល​ពី​កម្មវិធី​នេះ​ផងដែរ។

តាម​ផែនការ​ដំបូង កម្មវិធី «កាបូប​លុយ 10,000 បាត» នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ថ្ងៃទី 01 កុម្ភៈ 2024​ និង​អនុវត្ត​សម្រាប់​ពលរដ្ឋ​ថៃ​គ្រប់​រូប​ដែល​មាន​អាយុ​ចាប់​ពី 16 ឆ្នាំ​ឡើងទៅ​ ក្នុង​នោះ ម្នាក់​ៗ​នឹង​ទទួល​បាន​ប្រាក់​ជំនួយ​ 10,000 បាត​ (ប្រហែល 270 ដុល្លារ​អាម៉េរិក) ដែល​រដ្ឋ​ផ្ទេរ​ទៅ​ក្នុង​កាបូប​លុយ​អេឡិចត្រូនិច​របស់​ពួក​គេ​៕

Advertisement