ស្បែក​ជើង Crocs រូបរាង​អាក្រក់​ ប៉ុន្តែ​រក​បាន​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ​

បើ​ទោះ​ជា​មាន​មនុស្ស​មិន​តិច​ដែល​រិះគន់​ថា​អាក្រក់ និង​ត្រូវ​បាន​ទំព័រ Time ដាក់​ចូល​ទៅក្នុង​ «របក​គំហើញ​ដែល​អន់» ព្រោះ​តែ​គ្មាន​ប្រយោជន៍​ ប៉ុន្តែ Crocs នៅ​តែ​អាច​រក​ប្រាក់បាន​រាប់​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។

ក្នុង​រយៈ​ពេល​ជាង​ 20 ឆ្នាំ ស្បែក​ជើង​ដែល​មាន​រូប​រាង​ដូច​ទៅ​នឹង​ឈីស​នេះ ​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ចូល​ចិត្តខ្លាំង និង​អ្នក​ស្អប់​ខ្លាំង​មិន​តិច​ឡើយ​។ ប៉ុន្តែ Crocs នៅ​តែ​ជា​បាតុភូមិ​មួយ​របស់​វិស័យ​ម៉ូដែល​ទំនើប​ និង​រក​ប្រាក់​ចំណូល​បាន​ 3.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កាលពី​ឆ្នាំ​កន្លង​។

ស្បែក​ជើង​នេះ​ធ្វើ​ពី croslite ដែល​ជា​ជ័រ​ប្រភេទ​ទន់ ស្រាល និង​មិន​រក្សា​ក្លិន​។ ដំបូង​ឡើយ​ វា​ត្រូវ​បាន​វាយ​តម្លៃ​ថា​អាក្រក់​ ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​លក់ ព្រោះ​តែ​ងាយស្រួល​ពាក់​ ទាំង​នៅ​លើដីគោក ទាំង​នៅ​ក្នុង​ទឹក​។

កាល​ពី​ឆ្នាំ 2010 ទស្សនាវដ្ដី Time បាន​ដាក់​បញ្ចូល Crocs ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដី​អំពី​របក​គំហើញ​ដែល​អន់​បំផុត​ទាំង​ 50 របស់​ពិភពលោក​។ ក៏ប៉ុន្តែ បច្ចុប្បន្ន​ បុគ្គល​​ល្បី​ឈ្មោះ​​ជា​ច្រើនរូប​​​កំពុង​ប្រើប្រាស់​ស្បែក​ជើង​យីហោ​នេះ​។

យោង​តាម Lucy Thornley ដែល​ជា​អនុប្រធាន​ផ្នែក​និន្នាការ អតិថិជន រចនា និង​ផលិត​ផល​របស់ Crocs ឱ្យ​ដឹង​ថា មាន​មូលហេតុពីរ​យ៉ាង​ដែល​នាំ​ឱ្យ​ Crocs ទទួល​បាន​ជោគ​ជ័យ​ រួម​មាន​ អ្នក​ប្រើ​ប្រាស់​វ័យ​ក្មេង​ចូល​ចិត្ត​ប្រើប្រាស់​ស្បែក​ជើង​នេះ​ និង​រចនា​រូប​រាងរបស់​វា​​ត្រូវ​បាន​បន្ទាន់​សម័យ​៕

Advertisement