ចិន​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​ថ្មី ធំជាង​គេ​បង្អស់​លើ​ពិភពលោក

ការ​ដំឡើង​ទួរប៊ីន​ខ្យល់​សម្រាប់​ផលិត​អគ្គិសនី

ក្រុម​ហ៊ុន​ថាមពល​ឆ្លាតវៃ​ Ming Yang របស់​ប្រទេស​ចិន នឹង​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​សម្រាប់​ដាំ​លើ​សមុទ្រ​ធំ​បំផុត​លើ​ពិភពលោក​ថ្មី​មួយ​ទៀត​ ដែល​មាន​ស្លាប​ចក្រ​ប្រវែង​ជិត​ស្មើ​នឹង​កម្ពស់​របស់​តួ Eiffel នៅប្រទេស​បារាំង​។

ក្រុម​ហ៊ុន Ming Yang ឱ្យ​ដឹង​ថា គោលដៅ​របស់​ខ្លួន​គឺ​ការ​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​កម្លាំង 22 មេហ្គាវ៉ាត់ (MW) ដែល​មាន​រ៉ូទ័រ​មាន​អង្កត់​ផ្ចិត​ប្រវែង​ជាង 310 ម៉ែត្រ​ និង​អាច​ទទួល​បាន​ខ្យល់​ច្រើន​ជាង​ និង​ផលិត​អគ្គិសនី​បាន​ច្រើន​ជាង​​ទួរប៊ីន​ដទៃ​នា​បច្ចុប្បន្ន​។ នេះ​បើ​តាម​ទំព័រ Interesting Engineering ចុះផ្សាយ​កាល​ពី​ថ្ងៃទី 20 តុលា​។

យោង​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ខាងលើ ពួក​គេ​សង្ឃឹម​ថា នឹង​អាច​ផលិត​គំរូ​ដើមរបស់​ទួរប៊ីន​ខ្យល់​នេះ​​នៅ​ឆ្នាំ 2024 ឬ 2025​។

ប្រកាស​ខាង​លើ​ត្រូវ​បាន​លើក​ឡើង​ក្រោយ​ពី Ming Yang បាន​បង្ហាញ​ទួរប៊ីន​ខ្យល់លើ​សមុទ្រ​​ធំជាង​គេ​លើ​ពិភពលោក​ កម្លាំង 18 MW ដែល​មាន​អង្កត់​ផ្ចិត​ 140 ម៉ែត្រ កាល​ពី​ខែ​មករា​ ឆ្នាំ 2023​។ នៅ​ក្នុង​សប្ដាហ៍​នេះដែរ ក្រុម​ហ៊ុន​ Ming Yang ​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ទួរប៊ីន​ខ្យល់​សម្រាប់​ដំឡើង​លើ​ដី​គោក​ ​កម្លាំង 11 MW ដែល​មាន​ស្លាប​ចក្រ​​មាន​ផ្ទៃ​ធំ​ស្មើ​នឹង​ទីលាន​បាល់​ទាត់​ចំនួន​ 6 បូក​ចូល​គ្នា​​។

កាល​ពី​ខែ​កុម្ភៈឆ្នាំ​នេះ ប្រទេស​ចិន​បាន​ដំឡើង​ទួរប៊ីនខ្យល់​ 16 MW នៅ​លើ​សមុទ្រ​ដែល​មាន​ចម្ងាយ​ពី​ដីគោក​របស់​ខេត្ត Fujian ជិត 33 គីឡូម៉ែត្រ​។ គម្រោង​ដែល​មាន​តម្លៃ 885 លាន​ដុល្លារ​អាម៉េរិក​នេះ​ឆ្ពោះ​ទៅ​កាន់​ការ​ដំឡើង​ទួរប៊ីនខ្យល់​ដែល​មាន​កម្លាំង​ 400 MW ក្នុង​ដំណាក់​កាល​ទី​ពីរ​របស់​ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់ Zhangpu Liuao។ ទួរប៊ីន​ខ្យល់​ 16 MW មួយ​ដើម​ៗ​នៅ​ក្នុង​គម្រោង​នេះ​ មាន​ប្រអប់​គ្រឿង​ចក្រ​ដែល​ស្ថិត​នៅ​លើ​ក្បាល​បង្គោល​ទួរប៊ីន​ កម្ពស់ 146 ម៉ែត្រ​ ស្មើ​នឹង​អគារ​ 50 ជាន់​ ខណៈ​ដែល​ស្លាប​កង្ហារមាន​អង្កត់​ផ្ចិត​ប្រវែង 252 ម៉ែត្រ​ និង​ទទួល​ខ្យល់​ក្នុង​ផ្ទៃ​អាកាស​ទំហំ​ 50,000 ម៉ែត្រ​ការ៉េ​។ រៀង​រាល់​ពេល​ដែល​ស្លាប​កង្ហារ​នេះ​វិល​បាន​មួយ​ជុំ ទួរប៊ីន​ខ្យល់​នេះ​អាច​ផលិត​អគ្គិសនី​បាន​ 34.2 គីឡូវ៉ាត់​ម៉ោង​ និង​ 66 ជីហ្គាវ៉ាត់​ម៉ោង (GWh) ​ក្នុង​មួយ​ឆ្នាំ ដែល​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ដល់​មនុស្ស​ចំនួន 25,000 គ្រួសារ​។ ជា​សរុប គម្រោង​មួយ​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ 1.6 តេរ៉ាវ៉ាត់​ម៉ោង (TWh) ជួយ​សំចៃ​ធ្យូង​ថ្ម​បាន 500,000 តោន និង​កាត់​បន្ថយ​ឧស្ម័ន​ពុលបាន​​ 1.36 លាន​តោន​ជា​រៀង​រាល់​ឆ្នាំ៕

Advertisement