ថៃ​កំពុង​ពិនិត្យ​គម្រោងវិនិយោគ​​តម្លៃ 27 ពាន់​លាន​ដុល្លារ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច

ប្រទេសថៃ​កំពុង​តែ​វាយ​តម្លៃ​លើ​គម្រោង​ប្រកប​ដោយ​មហិច្ឆតា​ក្នុង​ការ​ស្ថាបនា​ផ្លូវ​គោក និង​ផ្លូវ​ដែក​ តភ្ជាប់​រវាង​សមុទ្រ Andaman និង​ឈូង​សមុទ្រ​ថៃ​។

យោង​តាម Reuters នាយករដ្ឋមន្ត្រីថៃ​ឱ្យ​ដឹង​ថា ប្រទេស​នេះ​កំពុង​វាយ​តម្លៃ​លើ​គម្រោង​ដ៏​ធំមួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ រួម​មានបណ្ដា​ខ្ទង់វិនិយោគ​ដែល​មាន​តម្លៃ​មួយ​ទ្រីលាន​បាត​ (27.44 ពាន់​លាន​ដុល្លារ​អាម៉េរិក) ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ទូទាំង​សកល​លោក​។

ការ​ស្រាវជ្រាវ​មួយ​របស់​រាជរដ្ឋាភិបាល​ថៃ​ បាន​ឱ្យ​ដឹង​ថា ការ​ដេញ​ថ្លៃ​ និង​ការ​ស្ថាបនា​នឹង​ចាប់​ផ្ដើម​ពី​ឆ្នាំ 2025 អាច​បង្កើត​ការ​ងារ​បាន​ប្រហែល 280,000 កន្លែង​ នៅ​ខេត្ត Ranong និង Chumpon។

នាយកដ្ឋាន​ផែនការ​ថៃ​ បាន​គណនា​ឃើញ​ថា គម្រោង​ខាងលើ​នេះ​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​ថៃ​ឡើង​ដល់ 5.5% ជា​រៀង​រាល់​ឆ្នាំ​។

សេដ្ឋកិច្ច​ថៃ​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន 2.8% ក្នុង​ឆ្នាំ​នេះ និង 4.4% ក្នុង​ឆ្នាំ 2024​។

នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin សង្កត់​ធ្ងន់​ថា គម្រោង​នេះខាងលើ​នេះ​​នឹង​ជា​ការ​តភ្ជាប់​សំខាន់​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​ឥណ្ឌា មជ្ឈិម​បូព៌ា និង​ទ្វីប​អាហ្វ្រិក​។

ដំណាក់​កាល​ដំបូង​របស់​គម្រោង​នេះ​​គ្រោង​នឹង​រួច​រាល់​នៅ​ឆ្នាំ 2030 និង​អាច​ដឹក​ជញ្ជូន​ទំនិញ​តាម​កុងតឺន័របាន​​ 10 លាន​ TEU ហើយ​អាច​សម្រេច​បាន​ 40 លាន​ TEU នៅ​ឆ្នាំ 2039​៕

Advertisement