ឥន្ធនៈ​រាវ​ប្រភេទ​ថ្មី​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​ឆាប​ឆេះ​

(សហរដ្ឋ​អាម៉េរិក) – ក្រុមវិស្វករ​នៅ​សាកលវិទ្យាល័យ​ California Riverside អភិវឌ្ឍ​ឥន្ធនៈ​រាវ​ដែល​ឆេះ​តែ​នៅ​ពេល​មាន​អគ្គិសនី​ឆ្លង​កាត់​ ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​មាន​អគ្គិភ័យ​។

ភាព​ងាយ​ឆាប​ឆេះ​របស់​ឥន្ធនៈ​ធ្វើ​ឱ្យ​អគ្គិភ័យ​ក្លាយ​ជា​ហានិភ័យ​ដ៏​ធំ​ចំពោះ​វិស័យ​ឧស្សាហកម្ម​នេះ​។ ក្រុមវិស្វករ​នៅ​សាកលវិទ្យាល័យ​ California Riverside អភិវឌ្ឍ​ឥន្ធនៈ​រាវប្រឆាំង​អគ្គិភ័យ​ ជួយ​កាត់​បន្ថយ​​ហានិភ័យ​កើត​មាន​អគ្គិភ័យ​ក្នុង​ពេល​ដឹក​ជញ្ជូន​។ យោង​តាម Interesting Engineering ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 04 តុលា​ 2023​ ឱ្យ​ដឹង​ថា លទ្ធផល​​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Journal of the American Chemical Society​។

ឥន្ធនៈ​ថ្មី​នេះ​នឹង​ឆេះ​លុះណា​តែ​មាន​ចរន្ត​អគ្គិសនី​ឆ្លង​កាត់​ប៉ុណ្ណោះ​។ «ប្រភេទ​ឥន្ធនៈដែល​យើង​ប្រើ​រាល់​ថ្ងៃ​ មិន​មាន​សុវត្ថិភាព​ប៉ុន្មាន​នោះទេ​។ វា​ហួត​ជា​ចំហាយ ​អាច​ឆាប​ឆេះ​ ហើយ​អណ្ដាត​ភ្លើង​នោះ​មិន​ងាយ​នឹង​ពន្លត់​។ នឹង​មានភាព​សាមញ្ញ​ជាង​មុន​ បើ​សិន​គ្រប់​គ្រង​បាន​លទ្ធភាព​ឆាប​ឆេះ​របស់​ឥន្ធនៈ​ និង​ទប់​ស្កាត់​ការ​ឆេះ​តាម​រយៈ​ការ​លុប​បំបាត់​តង់ស្យុង​អគ្គិសនី​» Yujie Wang អ្នក​ស្រាវ​ជ្រាវ​មួយ​រូប​មក​ពី​សាកល​វិទ្យាល័យ California Riverside ឱ្យ​ដឹង​ដូច្នេះ​។

ឥន្ធនៈ​ថ្មី​នេះ​មាន​ប្រភព​ពី​ធាតុ​រាវ​អ៊ីយ៉ុង ដែល​ជា​អំបិល​រាវ​មួយ​ប្រភេទ​។ «វាដូចទៅ​នឹង​អំបិល​ដែល​យើង​ប្រើ​ប្រាស់​សម្រាប់បង់​ក្នុង​អាហារ​ គឺ សូដ្យូមក្លរួ។ អំបិល​ដែល​យើង​ប្រើ​ប្រាស់​ក្នុង​គម្រោង​នេះ​មាន​ពិន្ទុ​ក្ដៅ​រលាយ​ទាប​ជាង​អំបិល​នៅ​ផ្ទះ​បាយ​ សម្ពាធ​ទាបបន្តិច​ និង​ជា​សរីរាង្គ​ទាំង​ស្រុង» Wang និយាយ​ដូច្នេះ។

ដើម្បី​អភិវឌ្ឍ​ឥន្ធនៈ​នេះ ក្រុម​ស្រាវ​ជ្រាវ​បាន​ប្ដូរ​រូបមន្ត​របស់​ធាតុ​រាវ​អ៊ីយ៉ុង​ ដោយ​ការ​ប្រើ​ប្រាស់ perchlorate ជំនួស​ឱ្យ chlorine។ ក្រោយ​មក​ពួក​គេ​ពិសោធ​ដើម្បី​ឱ្យ​ដឹង​ថា ធាតុ​រាវ​ថ្មី​អាច​ឆេះ​ឬ​អត់​ នៅ​ពេល​ប៉ះ​នឹង​ភ្លើង​។

លទ្ធផលបង្ហាញ​ថា ឥន្ធនៈ​នេះ​មិន​ឆាប​ឆេះ​។ អ្នក​ស្រាវ​ជ្រាវ​ពន្យល់​ថា ជា​ធម្មតា ភ្លើង​នឹង​ឆេះ​ឡើង​នៅ​ពេល​ឥន្ធនៈ​​ងាយ​ឆាប​ឆេះ​បាន​ក្លាយ​ជា​ឧស្ម័ន​ និង​មាន​អុកស៊ីសែន​​ក្នុង​សីតុណ្ហភាព​ខ្អស់​។

បន្ទាប់​មក ក្រុម​ស្រាវ​ជ្រាវ​ក៏​បាន​វាយ​តម្លៃ​លើ​ប្រសិទ្ធភាព​របស់​ឥន្ធនៈ​ថ្មី​ ដោយ​ការ​ពិសោធ​ជាមួយ​នឹង​តង់ស្យុង​អគ្គិសនី​។ ក្នុងករណី​នេះ​ វា​បាន​ឆាប​ឆេះ​។

អ្វី​ដែល​ពិសេស​ជាង​នេះ​របស់​ធាតុ​រាវ​អ៊ីយ៉ុង​កែ​ច្នៃ​នេះ​គឺ​សមត្ថភាព​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​ឥន្ធនៈ​ធម្មតា​ តែ​នៅ​រក្សា​បាន​លក្ខណៈ​ដើម​។

តាម​ទ្រឹស្ដី ឥន្ធនៈ​រាវ​អ៊ីយ៉ុង​ថ្មី​នេះ​អាច​ប្រើ​ប្រាស់​សម្រាប់​យាន​យន្ត​ច្រើន​ប្រភេទ​។ ក៏ប៉ុន្តែ បច្ចុប្បន្ន​វា​កំពុង​ស្ថិត​ក្នុងដំណាក់​កាល​ដំបូង​ និង​ត្រូវ​ការ​ពិសោធ សាកល្បង​បន្ថែម​ទៀត​ មុន​នឹង​អាច​ដាក់​លក់​ក្នុង​ទីផ្សារ​៕

Advertisement