ម៉ាឡេស៊ី​ខ្វះ​អង្ករ​ផលិត​ក្នុង​ស្រុក គ្រា​ដែល​​អង្ករនាំចូល​​ឡើង​ថ្លៃ​ខ្ពស់

​អង្ករ​នាំ​ចូល​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​ជា​សកល​ ធ្វើ​ឱ្យ​ប្រជាជន​ម៉ាឡេស៊ី​នាំ​គ្នា​សម្រុក​ទៅ​ទិញ​អង្ករ​ក្នុង​ស្រុកដែល​ត្រូវ​បាន​កំណត់​តម្លៃ​ពិតាន​ទាប​។

ផ្សារ​ទំនើប​ និង​ហាង​ទំនិញ​ខ្នាត​តូច​នៅ​ម៉ាឡេស៊ី​កំពុង​ខ្វះ​អង្ករ​លក់ ព្រោះ​អង្ករ​ច្រក​ក្នុង​ការ៉ុង​ 5 និង 10 គីឡូក្រាម​​ត្រូវ​អតិថិជន​ទិញអស់​ភ្លាម​នៅ​ពេល​មាន​ទំនិញ​។ Ameer Ali Mydin អគ្គនាយក​របស់​បណ្ដាញ​ផ្សារ​ទំនើប​ Mydin ឱ្យ​ដឹង​ថា ស្ថានភាព​ខ្វះ​អង្ករ​កើ​ត​ឡើង​ដោយ​សារ​តែ​តម្លៃ​ខុស​គ្នា​ឆ្ងាយ​​រវាង​អង្ករ​ក្នុង​ស្រុក និង​អង្ករ​នាំ​ចូល​​។

នៅ​ម៉ាឡេស៊ី អង្ករ​សម្រិត​ក្នុង​ស្រុក​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ការ​កំណត់​តម្លៃ​ពិតាន​ត្រឹម​ 26 រីងហ្គីត​ (5.54 ដុល្លារ​អាម៉េរិក)​ ក្នុង​ 10 គីឡូក្រាម​។ ក៏ប៉ុន្តែ វិស័យ​ផលិត​អង្ករ​របស់​ប្រទេស​នេះ​អាច​ផ្គត់​ផ្គង់​បាន​ត្រឹម​តែ​ 70% ប៉ុណ្ណោះ​ ធៀប​នឹង​តម្រូវ​ការ​។ ដូច្នេះ​ ប្រទេស​នេះ​ត្រូវ​នាំចូល​អង្ករ​សម្រិត​ពី​បរទេស​ រួម​មាន​ ឥណ្ឌា ប៉ាគីស្ថាន ថៃ កម្ពុជា និង​វៀតណាម​។

អង្ករ​នាំ​ចូល​មាន​តម្លៃ​ថ្លៃ​ជាង​អង្ករ​ក្នុង​ស្រុក​ចាប់តាំង​ពី​ពេល​អង្ករ​ពិភព​លោក​ឡើង​ថ្លៃ​នា​ពេល​ថ្មី​ៗ​នេះ​។ តម្លៃអង្ករ​កាន់​តែ​ខុស​គ្នា​បន្ទាប់​ពី​ក្រុម​ហ៊ុន​ Padiberas Nasional សម្រេច​ចិត្ត​ដំឡើង​ថ្លៃ​អង្ករ​នាំ​ចូល​ឡើង​ដល់ 36% ពី​ថ្ងៃទី 01 កញ្ញា​ ដើម្បី​ធ្វើ​ឱ្យ​សម​ស្រប​នឹង​តម្លៃ​សកល​។ បច្ចុប្បន្ន តម្លៃ​អង្ករ​សម្រិត​នាំចូល​​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ពី 30 ដល់ 70 រីងហ្គីត​ ដែល​ប្រហែល​ពី 6.37 ដល់ 14.87 ដុល្លារ​អាម៉េរិកសម្រាប់​ 10 គីឡូក្រាម​។

ទោះជា​យ៉ាង​ណា​ក៏​ដោយ អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​សន្តិសុខ​ស្បៀង​របស់​ម៉ាឡេស៊ី​ កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ព្យាករ​ថា ស្ថានភាព​ខ្វះ​អង្ករ​សម្រិត​ក្នុង​ស្រុក​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​​ នៅ​ពេល​រដូវ​ប្រមូល​ផលស្រូវ​នៅ​ក្នុង​រដ្ឋ Kedah បាន​ចាប់​ផ្ដើម​៕

Advertisement