​ថៃ​រំពឹង​លើ​ខ្ទង់​វិនិយោគ​ប្រាំពាន់​លាន​ដុល្លារ​ពី Tesla, Google, Microsoft

កាល​ពី​ថ្ងៃទី 24 កញ្ញា Reuters ដក​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ Srettha Thavisin ដែល​បាន​ថ្លែង​នៅ​បុរី​នីវយ៉ក សហរដ្ឋ​អាម៉េរិក ឱ្យ​ដឹង​ថា ប្រទេស​ថៃ​គ្រោង​នឹង​ទទួល​បាន​ខ្ទង់វិនិយោគ​យ៉ាងតិច​ 5 ពាន់​លាន​ដុល្លារ​ពី​បណ្ដា​ក្រុម​ហ៊ុន​អាម៉េរិក មានជា​អាទិ៍ Tesla, Google និង Microsoft ជា​ដើម​។

Reuters ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដែល​បាន​លើក​ឡើង​នេះ Tesla នឹង​ពិចារណា​លើ​ការ​សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​ ខណៈ​ Microsoft និង Google អាច​នឹង​ដាក់​មជ្ឈមណ្ឌលទិន្នន័យ​របស់​ខ្លួន​​នៅ​ប្រទេស​ថៃ។

យោង​តាម​នាយករដ្ឋមន្ត្រី​ថៃ​ដដែល ប្រភព​ទុនវិនិយោគ​ថ្មី​ពី​បរទេស​ នឹង​ដើរ​តួនាទី​យ៉ាង​​សំខាន់​​​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ថៃ​ ដែល​កំពុង​ថម​ថយ​ ហើយគ្រោង​នឹង​មាន​កំណើន​ត្រឹម​តែ​ 2.8%​ ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​នេះ​។

រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ កំពុងតែ​បញ្ចេញ​សកម្មភាព​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ដល់​ការ​វិនិយោគ​​ពី​បរទេស​​។ ដើម្បី​រក្សា​តំណែង​ជា​មជ្ឈមណ្ឌល​ដំឡើង​រថយន្ត​ធំជាង​គេ​លំដាប់​ទី​បួន​នៅ​អាស៊ី ថៃ​បាន​លើក​ឡើង​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដើម្បី​ទាក់​ទាញ​​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ និង​ថ្ម​ផ្ទុក​អគ្គិសនី​ ទន្ទឹម​នឹង​ការ​បញ្ចុះ​អត្រា​ពន្ធ​សម្រាប់​អ្នក​ទិញ​រថយន្តអគ្គិសនី​ក្នុង​ប្រទេស​ ក្នុង​បំណង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​។

ក្នុង​អំឡុងពេល​ស្ថិត​នៅ​សហរដ្ឋ​អាម៉េរិក នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin ក៏​បានចូល​​ជួប​​​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Tesla លោក Elon Musk ផងដែរ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នានា​នៅ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​៕

Advertisement