វិស័យ​ទេសចរណ៍​ថៃ​នឹង​​ទទួល​ភ្ញៀវចិន​រាប់​រយ​យន្តហោះ​ជា​​រៀង​រាល់​ថ្ងៃ​

​អាកាសយានដ្ឋាន Suvarnabhumi

ចាប់​ពី​ថ្ងៃទី 13 កញ្ញា 2023 រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​បាន​អនុម័ត​វិធានការ​មួយ​ចំនួន​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ ក្នុង​នោះ​ក៏​មាន​កម្មវិធី​លើក​លែង​ទិដ្ឋាការ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​។

ភ្ញៀវ​ទេសចរណ៍​ដែល​មក​ពី​ប្រទេស​ចិន និង​ប្រទេស​កាហ្សាក់ស្ថាន នឹង​ទទួល​បាន​ការ​លើក​លែង​ទិដ្ឋាការ​នៅ​ពេល​មក​ទស្សនា​ប្រទេស​ថៃចាប់​ពី​ថ្ងៃទី 25 កញ្ញា 2023 ដល់ 29 កុម្ភៈ 2024​។

គោលនយោបាយ​ថ្មី​ដែល​អូស​បន្លាយ​ពេល​តែ​ប៉ុន្មាន​ខែ​នេះ​គឺ​ដើម្បី​វាយតម្លៃ​លើ​ឥទ្ធិពល​ទៅ​លើ​សេដ្ឋកិច្ច​ជាតិ​ ប៉ុន្តែ​នេះ​ក៏​បង្ហាញ​ថា អាជ្ញាធរ​ថៃ​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​។

ទេសចរណ៍​គឺជា​វិស័យ​មួយ​ដ៏​សំខាន់​ដែល​ជួយ​ជំរុញ​វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ ដោយ​វា​រួម​ចំណែក​ប្រមាណ 12% នៃ​ផលិតផល​ក្នុង​ស្រុកសរុប (GDP)។ ប្រទេស​នេះ​ធ្លាប់​បាន​ទទួល​ភ្ញៀវ​អន្តរជាតិ​ប្រហែល 40 លាន​នាក់​កាល​ពី​ឆ្នាំ 2019 នាំ​មក​នូវ​ប្រាក់​ចំណូល​ 53.2 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

ចាប់​ពី​ដើម​ឆ្នាំ​ 2023 មក​ដល់​បច្ចុប្បន្ន ប្រទេស​ថៃ​បាន​ទទួល​ភ្ញៀវ​បរទេស​ជាង 18.5 លាន​នាក់​។ តាម​ការ​ព្យាករ គិត​ដល់​ដំណាច់​ឆ្នាំ​ តួលេខ​នេះ​នឹង​កើន​ដល់ 28 លាន​នាក់​​។ ក្រសួង​ទេសចរណ៍​ថៃ​ឱ្យ​ដឹង​ថា ប្រាក់​ចំណូល​ដែល​បាន​ពី​ភ្ញៀវ​អន្តរជាតិ​ គិត​ត្រឹម​ថ្ងៃ​ទី 18 កញ្ញា គឺ​ 795 ពាន់​លាន​បាត (22 ពាន់​លាន​ដុល្លារ​អាម៉េរិក)​។

រដ្ឋាភិបាល​ថៃ​សង្ឃឹម​ថា គោលនយោបាយ​លើក​លែង​ទិដ្ឋាកា​រខាងលើ​នឹង​ជួយ​ទាក់​ទាញ​អ្នក​ទេសចរណ៍​ចិន និង​កាហ្សាក់ស្ថាន​បាន​ច្រើន​ជាង​មុន​។ ដោយ​ឡែក អាជ្ញាធរ​គ្រប់គ្រង​អាកាសយានដ្ឋាន​ប្រទេស​ថៃ (AOT) ក៏​​រំពឹង​ថា ភ្ញៀវ​ចិន​ជាង 120,000 នាក់​ នឹង​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​ Don Mueang និង Suvarnabhumi នៅ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ការ​អនុវត្ត​គោលនយោបាយ​លើក​លែង​ទិដ្ឋាការ​ចាប់​ពី​ថ្ងៃទី 25 កញ្ញា ដល់ 01 តុលា 2023​។

AOT ឱ្យ​ដឹង​ថា នឹង​មាន​ជើង​ហោះ​ហើរ​ប្រហែល 674 ជើង​ពី​ប្រទេស​ចិន​មក​កាន់​អាកាសយានដ្ឋាន Suvarnabhumi ក្នុង​អំឡុង​ពេល​ខាងលើ​ ពោល​គឺ​ប្រហាក់​ប្រហែល​នឹង 96 ជើង​ជារៀង​រាល់​ថ្ងៃ​៕

Advertisement