​បរិមាណ​​​អង្ករ​នាំ​ចេញ​​ក្នុង​ 8 ខែ​ដំបូង​របស់​វៀតណាម ច្រើន​ជាង​ 14 ដង​ ធៀប​នឹង​កម្ពុជា

8 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​នាំ​ចេញ​អង្ករ​សរុប​ជាង 5.81 លាន​តោន​ ប្រហែល​ជាង 3.16 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ បរិមាណ​អង្ករ​កើន​ 21,4% និង​ចំណូល​សរុប​កើន​ 35.7% ធៀប​នឹង​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​។

យោង​តាម​ស្ថិតិ​បឋម​របស់​អគ្គនាយកដ្ឋាន​គយវៀតណាម ក្នុង​ខែ​សីហា 2023 វៀតណាម​នាំ​ចេញ​អង្ករ​បាន 921,443 តោន​ ដែល​ប្រហាក់​ប្រហែល​នឹង 546.41 លាន​ដុល្លារ​អាម៉េរិក ដោយ​គិត​ក្នុង​តម្លៃ​មធ្យម​ 593 ដុល្លារ​/តោន​។ តួលេខ​នេះ​កើន​ 39.5% បើ​គិត​អំពី​បរិមាណ,​ 50.7% បើ​គិត​អំពី​ប្រាក់​ចំណូល និង​តម្លៃ​កើន​ 8% បើ​ធៀប​នឹង​ខែកក្កដា 2023​។ ធៀប​នឹង​ខែ​សីហា 2022 បរិមាណ​អង្ករ​នាំ​ចេញ​របស់​វៀតណាម​​ក្នុង​ខែ​នេះ​ក៏​កើន​ 28.8%​, ប្រាក់​ចំណូល​សរុបក៏​កើន 61.7% និង​តម្លៃ​ក៏​កើន​ 25.5% ផងដែរ​។

ជា​រួម ក្នុង​ 8 ខែ​ដំបូង​នៃ​ឆ្នាំ 2023 បរិមាណ​អង្ករ​នាំ​ចេញ​សរុប​របស់​វៀតណាម​ សម្រេច​បាន​ជាង 5.81 លាន​តោន​ រក​ចំណូល​បាន​ជាង 3.16 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ បរិមាណ​កើន​ 21.4%, ចំណូល​កើន​ 35.7% ធៀប​នឹង​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​ ខណៈ​តម្លៃ​មធ្យម​ស្មើ​នឹង 543.9 ដុល្លារ​អាម៉េរិក​/តោន​ ដោយ​កើន​ 11.8%​។

ទីផ្សារ​អង្ករ​ធំជាង​គេ​ទាំង​បី​​របស់​ប្រទេស​​វៀតណាម រួម​មាន​ ប្រទេស​ហ្វ៊ីលីពីន ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌូណេស៊ី​។

ទាក់​ទង​នឹង​ការ​នាំ​ចេញ​អង្ករ​នេះដែរ សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CR​F​) ​បាន​រាយការណ៍​ថា​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន 401,699 ​តោន​ទៅកាន់​ប្រទេស​ និង​ដែនដី​ចំនួន​ 56 ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​សីហា​ឆ្នាំនេះ​។ ​ចំនួន​នេះ​ស្មើនឹង​ 58% ​នៃ​ផែន​ការនាំចេញ​ប្រចាំ​ឆ្នាំ​ 2023។ បរិមាណ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ក្នុង​អំឡុង​ 8 ខែ​ដំបូង​នៃឆ្នាំ​នេះ ទាប​ជាងលើស​ពី 14 ដង ​បើ​ធៀប​នឹង ​​5.81 លាន​តោន​របស់​វៀតណាម​៕

Advertisement