ធ្វើ​តាម​ជនជាតិ​ជប៉ុន BYD ក៏​ដណ្ដើម​បាន​ចំណែក​ទីផ្សារ​រថយន្ត​មួយ​ភាគ​ធំ​នៅ​​អាស៊ី​អាគ្នេយ៍​

ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD (Build Your Dream) កំពុង​តែ​ស្ដែង​ឱ្យ​ឃើញ​ជោគ​ជ័យ​មួយ​កម្រិត​នៅ​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ ដោយ​បានយក​ឈ្នះ​លើ Tesla ដើម្បី​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​​រថយន្ត​អគ្គិសនី​ជាង​ ¼ ដែល​បាន​លក់​ចេញ​នៅក្នុង​តំបន់​នេះ។

ទន្ទឹម​នឹង​តម្លៃ​ដ៏ទាក់​ទាញ ជោគ​ជ័យ​ដំបូង​ៗ​របស់ BYD ត្រូវ​បាន​គេ​រក​ឃើញ​ថា កើត​ចេញ​ពី​រូបមន្ត​សហការ​ចែក​ចាយ​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុនចិន​មួយ​នេះ​អាច​​ពង្រីក​​ទីផ្សារ​ ដឹង​អំពី​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​ និង​ឆ្លង​ផុត​ការ​កំណត់​នានា​របស់​បណ្ដា​រដ្ឋាភិបាល​។ នេះ​បើ​តាម​ដៃគូ​សហការ​ ក៏ដូច​ជា​អ្នក​ចែកចាយ​របស់ BYD។

រូបមន្ត​ដែល​ BYD អនុវត្ត​គឺ​ដូច​ទៅ​នឹង​វិធី​ដែល​បណ្ដា​ក្រុម​ហ៊ុន​ជប៉ុន​ធ្លាប់​បាន​អនុវត្ត​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​កាល​ពី​ច្រើន​ទសវត្សរ៍​កន្លង​។ យុទ្ធ​សាស្ត្រ​ខាងលើ​បាន​ និង​កំពុង​ជួយ​ឱ្យ​ BYD ដណ្ដើម​បាន​ចំណែក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស​ ខុស​ពី​រូបមន្ត​ចែកចាយ​ផ្ដាច់​មុខ​របស់​ Tesla ថ្វី​បើ​មាន​ចំណុច​អវិជ្ជមាន​ខ្លះ​។

«បច្ចុប្បន្ន​ BYD យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ពាណិជ្ជសញ្ញា​ជា​ជាង​អត្រា​ចំណេញ» Soumen Mandal អ្នក​វិភាគ​ជាន់​ខ្ពស់​របស់ Counterpoint Research ឱ្យ​ដឹង​ដូច្នេះ និង​បន្ត​ថា «តាម​រយៈ​ការ​ផ្ដល់​ប្រាក់​ចំណេញ​ច្រើន​ដល់​តំណាង​ចែក​ចាយ​នៅ​តាម​បណ្ដា​ប្រទេស​ BYD អាច​ចិញ្ចឹម​ទំនុក​ចិត្ត និង​ភាពស្មោះ​ត្រង់​ បើក​ផ្លូវ​សម្រាប់​ការ​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត​»។

យោង​តាម Counterpoint ក្រុម​ហ៊ុន BYD កាន់​កាប់​ចំណែក​ទីផ្សារ​រថយន្ត​ខ្នាត​តូច​ប្រមាណ 26% ប៉ុន្តែ​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​នៅ​អាស៊ី​អាគ្នេយ៍​ ​ក្នុង​ត្រីមាស​ទីពីរ​ ឆ្នាំ 2023​។

រថយន្ត​អគ្គិសនី​មាន​ 6.4% ក្នុង​ចំណោម​រថយន្ត​ទេសចរណ៍​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​ត្រីមាស​ទីពីរ​ កើន​ឡើង​បើ​ធៀប​នឹង​ 3.8% ក្នុង​ត្រីមាស​មុន​នោះ​។ អាស៊ី​អាគ្នេយ៍​អាច​ក្លាយ​ជា​តំបន់​សំខាន់​ចំពោះ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​ កាល​ពី​សប្ដាហ៍​កន្លង​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ការ​ស៊ើប​អង្កេត​មួយ​ទាក់​ទិន​នឹង​ការ​ឧបត្ថម្ភ​ដល់​រថយន្ត​អគ្គិសនី​របស់ចិន​៕

Advertisement