មហា​សេដ្ឋី​មួយ​រូប​ថា អ្នក​វិនិយោគ​គួរ​តែ​រក្សា​សាច់​ប្រាក់​ជា​បណ្ដោះ​អាសន្ន​

ក្នុង​ស្ថានភាព​ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រាក់ និង​អតិផរណា​ដែល​ចេះ​តែ​កើន​ឡើង មហាសេដ្ឋី Ray Dalio ដែល​បច្ចុប្បន្ន​មាន​ទ្រព្យ​ជាង 15 ពាន់​លាន​ដុល្លារ​ យល់​ថា អ្នក​វិនិយោគ​គួរ​តែ​រក្សា​សាច់​ប្រាក់​ក្នុង​ដៃ​ជា​បណ្ដោះ​អាសន្ន​។

ជាក់​ស្ដែង នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​របស់​វិទ្យាស្ថាន​ Milken ដែលធ្វើ​ឡើង​នៅ​សឹង្ហបុរី​កាល​ពី​ថ្ងៃទី 14 កញ្ញា 2023 ទស្សនិកជន​បានសួរ​ លោក Ray Dalio ថា «លោក​នឹង​បណ្ដាក់​ទុន​បែប​ណា​​នៅ​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​?»។

មហា​សេដ្ឋី​អាម៉េរិក លោក Ray Dalio ដែល​ជា​ស្ថាបនិក​នៃ​មូលនិធិ​ការ​ពារ​ហានិភ័យ Bridgewater Associates ឆ្លើយ​ថា «ខ្ញុំ​មិន​ចង់​ទិញ​មូលបត្របំណុល​ និង​ទ្រព្យ​ប្រហាក់​ប្រហែល​នេះ។ ក្នុង​កាលៈទេសៈ​នេះ ខ្ញុំ​គិត​ថា យើង​គួរ​តែ​រក្សា​សាច់​ប្រាក់​ជា​បណ្ដោះអាសន្ន​…»។

ការ​យល់​ឃើញ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​គ្រា​ដែល​អត្រាការប្រាក់មូលបត្រ​បំណុល​នៅ​រតនាគារ​អាម៉េរិក​ប្រភេទ​ 30 ឆ្នាំ បាន​កើន​ឡើង​ដល់​ 5% ហើយ​អ្នក​វិនិយោគ​អាច​ទទួល​បាន​អត្រា​ចំណេញ​ 4%​ ពីសញ្ញាប័ណ្ណ​ ក៏ដូចជា​គណនី​បញ្ញើសន្សំ​។

មហាសេដ្ឋី​ខាងលើ​និយាយ​ថា កំហុស​ធំបំផុត​ដែល​អ្នក​វិនិយោគ​ស្ទើរ​តែ​ទាំង​អស់​ជួប​ប្រទះ​គឺ «ជឿ​ថា ទីផ្សារ​ដែល​ដំណើរ​ការ​ល្អ​គឺជា​ខ្ទង់​វិនិយោគ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ មិន​មែន​ថ្លៃ​បំផុត»។ ជាង​នេះ លោក​ក៏​បាន​អះអាង​ថា មូលបត្រ​បំណុល​រយៈ​កាល​យូរ​គឺជា​ខ្ទង់វិនិយោគដែល​មិន​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន​៕

Advertisement