BYD បង្ហាញរថយន្តអគ្គិសនី Seal DM-i តម្លៃចាប់ពីជាង 20,000 ដុល្លារអាម៉េរិក

BYD បាន​បង្ហាញ​​ជា​ផ្លូវ​ការ​នូវ​រថយន្ត​អគ្គិសនី Seal DM-i តម្លៃ​ចាប់​ពី​​ 22,800 ដល់ 32,400 ដុល្លារ​អាម៉េរិក នៅ​ទីផ្សារ​ប្រទេស​ចិន​។

រថយន្ត​អគ្គិសនី Seal DM-i គឺជា​សមាជិក​ថ្មី​ក្នុង​ត្រកូល​ Seal ហើយ​កំណែ​ plug-in hybrid នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃទី 18 មេសា ជា​ថ្ងៃ​ដំបូង​នៃ​ពិព័រណ៍​រថយន្ត​សៀងហៃ​ ប៉ុន្តែ​ពេល​នោះ​វា​ត្រូវ​បាន​ហៅ​ថា Chaser 07។

BYD បាន​ប្ដូរ​ឈ្មោះ Chaser 07 ទៅ​ជា Seal DM-i កាល​ពី​ថ្ងៃទី 14 កក្កដា ក្នុង​បំណង​ប្រើប្រាស់​ការ​ពេញ​និយម​របស់​Seal។

BYD Seal ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គូប្រជែង​សំខាន់​របស់ Tesla Model 3 នៅ​ប្រទេស​ចិន​ នៅ​ពេល​បង្ហាញ​ខ្លួន​ក្នុង​ទី​ផ្សារ​នេះ​កាល​ពី​ថ្ងៃទី 29 កក្កដា​ 2022​។

BYD កំពុង​ផ្គត់​ផ្គង់​រថយន្ត​ Seal DM-i ចំនួន​6 ម៉ូដែល​​។ Seal DM-i គឺជា​ម៉ូដែល​ sedan B+ ដែល​មាន​បណ្ដោយ​ ទទឹង​ និង​កម្ពស់ប្រវែង​​ជា​បន្ត​បន្ទាប់​គឺ​ 4,980 មម, 1,890 មម និង 1,495 មម ខណៈ​ប្រវែង​បណ្ដោយ​ជា​មូលដ្ឋាន​គឺ 2,900 មម។

ម៉ាស៊ីន​របស់​រថយន្ត​ទាំង​នេះ​រួម​មាន​ពីរ​ជម្រើស​គឺ 1.5L និង 1.7T ដែល​ផ្ដល់​ថាមពល​ខ្លាំង​ជា​បន្ត​បន្ទាប់​គឺ 81 គីឡូវ៉ាត់ និង 102 គីឡូវ៉ាត់ រួមនឹង​កម្លាំង​រមួល​កង់​ 135 Nm និង 231 Nm។

រថយន្ត​ទាំង​នេះ​ក៏​មាន​ម៉ូទ័រ​អគ្គិសនី​ពីរ​ជម្រើស​គឺកម្លាំង 145 សេះ និង 160 សេះ​។ ទាំង​ពីរ​ជម្រើស​នេះ​សុទ្ធ​តែ​មាន​កម្លាំង​រមួល​កង់​325 Nm។

Advertisement