ការប្រកួត​​ក្នុង​ទ្រុង​ដែក​​រវាង Musk និង Zuckerberg នឹង​កើតឡើង​តាម​បែប​​កំប្លែង

Linda Yaccarino នាយិកា​ប្រតិបត្តិ​របស់​បណ្ដាញ​សង្គម X (Twitter) និយាយថា បើសិនជា​ត្រូវបាន​រៀបចំឡើង​មែន ការប្រកួត​ក្នុង​ទ្រុង​ដែក​រវាង​មហាសេដ្ឋី Elon Musk និង​មហាសេដ្ឋី Mark Zuckerberg នឹង​កើត​ឡើងទៅ​តាមរបៀប​កំប្លែង។

«យើង​នឹង​ចាំ​មើលថា តើ​ការប្រកួត​ក្នុង​ទ្រុង​ដែក​នោះ​ពិតជា​កើតឡើង ឬ​អត់។ ប៉ុន្តែ ខ្ញុំ​បាន​អង្គុយ​មើល​លោក Elon Musk ហាត់គុន។ បើសិនជា​ត្រូវបាន​ធ្វើឡើង វា​អាចជា​ការប្រកួត​បែប​កំប្លែង​របស់ Zuckerberg និង Musk» អ្នកស្រី Yaccarino និយាយប្រាប់ CNBC កាលពី​ថ្ងៃទី 10 សីហា​ដូច្នេះ។

ទោះជា​យ៉ាងណាក៏ដោយ Walter Isaacson ដែល​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​សរសេរ​ប្រវត្តិរូប​សង្ខេប​សម្រាប់​លោក Musk និយាយថា លោក​មិន​គិតថា ការប្រកួត​នេះ​នឹង​កើតឡើង​នោះឡើយ។

អ្នក​ស្រី Linda Yaccarino នាយិកា​ប្រតិបត្តិ​របស់​បណ្ដាញ​សង្គម X (Twitter)

ការ​បបួល​ប្រយុទ្ធ​លើស​ង្វៀន​រវាង​ម្ចាស់​បណ្ដាញ​សង្គមធំៗលើ​ពិភពលោក​នេះ ត្រូវបាន​លើកឡើង​កាលពី​ចុងខែ​មិថុនា ឆ្នាំ 2023 នៅពេល​លោក Musk រិះគន់​ចំពោះ​រឿង Meta បង្ហាញ​បណ្ដាញ​សង្គម Threads។ អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​ព្រមាន​ថា មិនគួរ​គំរាមកំហែង Zuckerberg ព្រោះថា គាត់​ចេះ​ក្បាច់គុន។ សំណេរ​នេះ ភ្លាមនោះ​ក៏​ធ្វើឱ្យ​លោក Musk បបួល​ប្រយុទ្ធ​គ្នា ហើយ Zuckerberg ក៏បាន​យល់ព្រម​យ៉ាង​លឿន។

យោងតាម Dana White ប្រធាន​ស្ថាប័ន​ក្បាច់គុន UFC ដែល​ធ្លាប់បាន​ជជែក​ជាមួយ​លោក Musk និង Zuckerberg និយាយថា មហាសេដ្ឋី​ទាំងពីរ​រូបនេះ​សុទ្ធតែ​បង្ហាញ​ភាពម៉ឺងម៉ាត់។ ការប្រកួត​នេះ​ត្រូវបាន​គេ​រំពឹងថា អាច​រកប្រាក់​ចំណូល​បាន​លើស​ពីមួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement