SpaceX បាញ់​បង្ហោះ​ផ្កាយរណប Starlink នៅពេល​យប់ បង្កើតឱ្យមាន​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត

សន្សើម​ធ្លាក់ និង​ផ្ទៃមេឃ​ស្រឡះ​ល្អ​របស់ California បាន​ជួយ​បង្កើត​ទិដ្ឋភាព​ដ៏​ទាក់ទាញ​នៅពេល SpaceX បាញ់​បង្ហោះ​ផ្កាយរណប​នៅពេល​យប់។

ក្រុមហ៊ុន​អាម៉េរិក SpaceX បាន​បាញ់​បង្ហោះ​ផ្កាយរណប Starlink ចំនួន 15 គ្រឿង​របស់ខ្លួន ឡើងទៅ​កាន់​គន្លង​គោចរ នៅក្នុង​មួយ​យប់ ដើម្បី​បង្កើន​វិសាលភាព​អ៊ី​ន​ធើ​ណិ​ត។ ការបាញ់​បង្ហោះ​ដែល​ប្រើប្រាស់​រ៉ុក្កែត Falcon 9 ត្រូវបាន​ធ្វើឡើង​នៅវេលា​ម៉ោង 9:09 យប់ ថ្ងៃទី 19 កក្កដា ម៉ោង​នៅ California (ថ្ងៃទី 20 នៅ​កម្ពុជា) ពី​មូលដ្ឋាន​របស់ SpaceX ក្នុង​បន្ទាយទ័ព​អវកាស Vandenberg។

នេះ​គឺជា​ការបាញ់​បង្ហោះ​លើក​ទី 10 របស់​រ៉ុក្កែត Falcon 9 និង​ជា​លើក​ទី 48 ក្នុងឆ្នាំនេះ​របស់ SpaceX។ ប្រហែល 9.5 នាទី​បន្ទាប់ពី​បាន​បាញ់​បង្ហោះ កំណាត់​ដំបូង​របស់​រ៉ុក្កែត បាន​ចុះចត​លើ​ស្រឡាង​ស្វ័យប្រវត្ត​គ្មាន​មនុស្ស​បើកបរ​របស់ SpaceX មាន​ឈ្មោះថា Of Course I Still Love You ដែល​រង់ចាំ​នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ខាងក្រោម​នេះ​គឺជា​បណ្ដា​រូបថត​ដែល​ត្រូវបាន​ក្រុមហ៊ុន SpaceX ចែករំលែក​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​បានទទួល​ជោគជ័យ​ក្នុង​ការបាញ់​បង្ហោះ​ខាងលើ៖

Advertisement