ក្លឹប​បាល់​ទាត់​របស់​អេស្ប៉ាញ នៅ​ជំពាក់​ប្រាក់ខែ Lionel Messi

Joan Laporta (ស្ដាំ) និង Messi កាលនៅលេងឱ្យ Barca

(សេ​ស្ប៉ា​ញ) – Joan Laporta ដែលជា​ប្រធាន​ក្លឹប Barca បាន​និយាយថា ក្លឹប​នេះ​នៅ​ជំពាក់​ប្រាក់បៀវត្សរ៍របស់​​កីឡាករ​ខ្សែប្រយុទ្ធ Lionel Messi និង​ត្រូវ​បន្ត​សង​រហូតដល់​ឆ្នាំ 2025។

កាលពី​ខែវិច្ឆិកា 2017 Messi បាន​ចុះ​កិច្ចព្រមព្រៀង​តម្លៃ 675 លាន​ដុល្លារ​អាម៉េរិក​ជាមួយ​ក្លឹប Barca ដែលមាន​សុពលភាព​ដល់​ខែមិថុនា 2021។ កិច្ចព្រមព្រៀង​នេះ​រួមមាន ប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ​ក្រៅផ្លូវការ (Kickback) និង​ប្រាក់​សម្រាប់​ភាពស្មោះត្រង់ នេះ​មិនទាន់​គិតដល់​ប្រាក់រង្វាន់។ ក្នុងនោះ ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​របស់ Messi គឺ 167 លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង 86 លាន​ដុល្លារ​ដែល Football Leaks ធ្លាប់បាន​បង្ហើប​ឱ្យដឹង។ តារាបាល់ទាត់​អា​ហ្ស​ង់​ទីន ​ក្រោយ​មក​​ក៏បាន​យល់ព្រម​កាត់បន្ថយ​ប្រាក់ខែ​ដើម្បី​ជួយ​ដល់​ក្លឹប ព្រោះ​តែ​ផលវិបាក​ដែល​កើតឡើង​ដោយសារ​កូ​វីដ។

មកដល់​រដូវក្ដៅ​ឆ្នាំ 2021 Messi បាន​ចាកចោល​កីឡដ្ឋាន Camp Nou ទៅតាម​ទម្រង់​សេរី ព្រោះតែ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លឹប Barca ចេះតែ​អាក្រក់ទៅៗ។ M10 បាន​លេង​ឱ្យ​ក្លឹប PSG ពីរ​ឆ្នាំ មុនពេល​ទៅ​ទាត់​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami។

បើទោះជា​មិន​លេង​ឱ្យ​ក្លឹប Barca ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លង ប៉ុន្តែ Messi នៅតែ​ទទួលបាន​ប្រាក់ខែ​ពី​ក្លឹប​នេះ។ «យើង​នៅសល់​ខ្ទង់​ប្រាក់​ដែល​មិនទាន់​ទូទាត់​ជូន Messi ដែល​ត្រូវ​សង​រហូតដល់​ឆ្នាំ 2025» លោក​ Laporta ប្រាប់​ទំព័រ La Vanguardia ដូច្នេះ។ លោក​បន្តថា «អ្វីដែល​នៅ​ជំពាក់​ គឺ​ការពន្យារពេល​ទូទាត់​ប្រាក់បៀវត្សរ៍​ដែល​បាន​ព្រមព្រៀងគ្នា​ជាមួយនឹង​ក្រុមប្រឹក្សាភិបាល​មុន​នោះ ហើយ​ប្រការនេះ​បាន​បង្កើតឱ្យមាន​ខ្ទង់​បំណុល​មិនទាន់​ទូទាត់​ដែល​នឹង​បញ្ចប់​នៅ​ឆ្នាំ 2025»៕

Advertisement