តម្លៃ​រថយន្ត​អគ្គិសនី​ថយចុះ​ជាង 10% ធៀប​នឹង​ឆ្នាំ​កន្លង

យោងតាម​ទិន្នន័យ​ស្ដីពី​តម្លៃ និង​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​ថ្មី​បំផុត ដែល​ស្រាវជ្រាវ​ដោយ Kelley Blue Book ជា​មធ្យម រថយន្ត​អគ្គិសនី​បាន​ធ្លាក់​ថ្លៃ 14% នៅក្នុង​ខែឧសភា​ឆ្នាំ 2023 បើ​ធៀប​នឹង​ដំណាក់​ដូចគ្នា​ក្នុង​ឆ្នាំ 2022។

ការ​គណនា​របស់ Kelley Blue Book បង្ហាញថា តម្លៃ​ជា​មធ្យម​របស់​រថយន្ត​អគ្គិសនី​ថ្មី​មួយគ្រឿង​នៅក្នុង​ខែឧសភា 2023 គឺ 55,488 ដុល្លារ ខ្ពស់ជាង​ប្រហែល 158 ធៀប​នឹង​ខែមេសា 2023 ប៉ុន្តែ​ទាប​ជាង 9,370 ដុល្លារ បើ​ធៀប​នឹង​ខែឧសភា 2022។ តម្លៃ​រថយន្ត​អគ្គិសនី​ថ្មី​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ខែមិថុនា 2022 ប៉ុន្តែ បច្ចុប្បន្ន តម្លៃ​នោះបាន​បាត់​បង់​​ប្រហែល 5,800 ដុល្លារ។

Michelle Krebs អ្នកវិភាគ​ទីផ្សារ​របស់​ក្រុមហ៊ុន Cox Automotive ឱ្យដឹងថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​ក្នុង​ខែឧសភា 2023 កើន​ប្រហែល 4.7% ធៀប​នឹង​ខែមេសា 2023 និង​កើន 44% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2022។

ការធ្លាក់​ថ្លៃ​របស់​រថយន្ត​អគ្គិសនី​អាច​បណ្ដាលមកពី​កត្តា​ជាច្រើន ក្នុងនោះ​មាន​ជាអាទិ៍ អត្រាពន្ធអាករ​ថយចុះ អ្នកទិញ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​ប្រាក់ឧបត្ថម្ភ និង​ប្រាក់កម្ចី​អត្រា​ការ​ប្រាក់​ទាប​ រាប់ពាន់​ដុល្លារ​ពី​រដ្ឋ​ជាដើម។ ក្រៅពីនេះ ការបញ្ចុះ​តម្លៃ​រថយន្ត​របស់ Tesla ក៏បាន​​ធ្វើឱ្យ​ក្រុមហ៊ុន​ដទៃ​ត្រូវ​កាត់បន្ថយ​ប្រាក់ចំណេញ​ដើម្បី​អាច​លក់​រថយន្ត​អគ្គិសនី​ក្នុងតម្លៃ​ដែល​អាច​ប្រកួតប្រជែង​បាន៕

Advertisement