វិស្វករ​របស់​ក្រុមហ៊ុន Apple, Google ជា​ដើម មាន​ប្រាក់បៀវត្សរ៍​ប៉ុន្មាន​ក្នុង​មួយឆ្នាំ?

វិ​ស្វាករ​បច្ចេកវិទ្យា​របស់​បណ្ដា​ក្រុមហ៊ុនធំៗដូចជា Apple, Meta, Google ជាដើម មាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​រាប់សែន​ដុល្លារ​អាម៉េរិក ពិសេស​គឺ​វិស្វករ​ផ្នែក AI (បញ្ញា​សិប្ប​និ​ម្មិត)។

ក្រោយពី​បាន​រីកចម្រើន​ខ្លាំង បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗកំពុង​ប្រឈម​នឹង​វិបត្តិ តម្រូវឱ្យមាន​ការកាត់បន្ថយ​បុគ្គលិក។ ក៏ប៉ុន្តែ សម្រាប់​មុខតំណែង​ជា​វិស្វករ​វិញ គឺ​នៅតែ​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ដដែល។ នេះ​បើ​យោងតាម​ទិន្នន័យ​ស្ដីពី​ប្រាក់បៀវត្សរ៍​ដែល Levels.fyi និង Business Insider ប្រមូលបាន។

Google

វិស្វករ​កម្រិត​ទី​បី នៅ​ក្រុម​នេះ​អាច​ទទួលបាន​ប្រាក់ 130,000 ដល់ 280,000 ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ ខណៈដែល​វិស្វករ​ជាន់ខ្ពស់​គឺ​ពី 300,000 ដល់ 700,000 ដុល្លារ ឬ​ច្រើនជាង​នេះ។ ចំណែក​វិស្វករ​ផ្នែក AI វិញ ជា​មធ្យម​ទទួលបាន​ពី 254,700 ដល់ 535,000 ដុល្លារ/ឆ្នាំ។

Microsoft

ក្រុមហ៊ុន​នេះ​ផ្ដល់ប្រាក់​បៀវត្សរ៍​ដល់​វិស្វករ​ជាន់ខ្ពស់ (បទពិសោធន៍​ច្រើនជាង 8 ឆ្នាំ) ចំនួន 400,000 ដុល្លារ/ឆ្នាំ។ វិស្វករ​ថ្មី ទទួលបាន​ពី 130,000 ដល់ 250,000 ដុល្លារ អម​នឹង​ប្រាក់រង្វាន់​ប្រហែល 200,000 ដុល្លារ អាស្រ័យ​លើ​គោលដៅ​ដែល​សម្រេចបាន។

Apple

វិស្វករ​កម្រិត​បី​នៅ​ក្រុមហ៊ុន Apple ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រហែល 160,000 ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ក៏​អាច​ទទួលបាន​ប្រាក់រង្វាន់​ចាប់ពី 200,000 ដល់ 250,000 ដុល្លារ បើសិន​សម្រេច​គោលដៅ​ដែល​បានកំណត់។ ចំណែក​អ្នក​ដែលមាន​បទពិសោធន៍​ច្រើនជាង​នេះ អាច​ទទួលបាន​ពី 330,000 ដល់ 500,000 ដុល្លារ/ឆ្នាំ។ ពួកគេ​នឹង​ទទួលបាន​ប្រាក់ខែ​គោល 200,000 ដុល្លារ អម​នឹង​ប្រាក់ឧបត្ថម្ភ​ជា​ភាគហ៊ុន តម្លៃ​ចាប់ពី 100,000 ដុល្លារ​។ វិស្វករ AI អាច​ទទួលបាន 505,000 ដុល្លារ។

Meta

វិស្វករ​ដែល​ទើប​ចូលធ្វើការ​នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រហែល 170,000 ដុល្លារ​ក្នុង​មួយឆ្នាំ។ សម្រាប់​វិស្វករ​កម្រិត​មធ្យម អាច​ទទួលបាន​ប្រាក់​បៀវត្សរ៍​​គោល​ដូចខាងលើ បូក​នឹង​ភាគហ៊ុន​តម្លៃ 80,000 និង​ប្រាក់រង្វាន់​គោលដៅ​ប្រចាំឆ្នាំ 15,000 ដុល្លារ។ ចំណែក​វិស្វាករ​ជាន់ខ្ពស់​អា​ចទ​ទួលបាន​រហូតដល់​ពី 1.5 ដល់ 2 លាន​ដុល្លារ។

Amazon

ប្រាក់ចំណូល​របស់​បុគ្គ​លិ​ក Amazon អាស្រ័យ​លើ​រង្វាន់​ជា​ភាគហ៊ុន។ វិស្វករ AI អាច​ទទួលបាន​ប្រហែល 300,000 ដុល្លារ​ក្នុង​មួយឆ្នាំ ក្នុងនោះ​មាន​សាច់ប្រាក់​សុទ្ធ 200,000 ដុល្លារ​ និង​ភាគហ៊ុន​តម្លៃ 120,000 ដុល្លារ។ អ្នក​ដែលមាន​សញ្ញាបត្រ​បណ្ឌិត ទទួលបាន​ពី 250,000 ដល់ 300,000 ដុល្លារ គ្រា​ដែល​វិស្វករ​ជាន់ខ្ពស់​ទទួលបាន​ពី 350,000 ដល់ 500,000 ដុល្លារ៕

Advertisement