រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast បង្ហាញ​ខ្លួន​

រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast ដែល​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ល្ងាច​ថ្ងៃទី 08 មិថុនា គ្រោង​នឹង​ប្រគល់​ដល់​ដៃ​អតិថិជន​នៅក្នុង​ត្រីមាស​ទី​បី​ឆ្នាំ​ក្រោយ​។

តំណាង​របស់​ក្រុម​ហ៊ុន​ VinFast ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី VF 3 នឹង​ជា​ម៉ូដែល​រថយន្ត​តូច​ជាង​គេ​ដំបូង​បំផុត​របស់​​ក្រុមហ៊ុន​នេះ​។

VF 3 មាន​បណ្ដោយ​សរុប 3,114 មិល្លីម៉ែត្រ ខ្លី​ជាង​ Kia Morning ដែល​មាន​បណ្ដោយ​ 3,595 មិល្លីម៉ែត្រ​ ប៉ុន្តែវែង​ជាង​ 197 មិល្លីម៉ែត្រ បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​​ដែល​ជិត​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​​របស់​ក្រុម​ហ៊ុន​ចិន Wuling​។

រថយន្ត​អគ្គិសនី VF 3 មាន​ទ្វារ​ពីរ​នៅ​សង​ខាង​ និង​ទ្វារ​​មួយ​នៅ​ខាង​ក្រោយ​ ហើយ​អាច​ជិះ​បាន​ប្រាំ​នាក់​។ យោង​​តាម​ក្រុម​ហ៊ុន​វៀតណាម VF 3 ដែល​មាន​ពីរ​កំណែ​គឺ Eco និង Plus នេះ នឹង​មាន​តម្លៃ​ទាប​ សម​ស្រប​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក​។

បច្ចុប្បន្ន ម៉ូដែល​រថយន្ត​អគ្គិសនី​​​​​មាន​តម្លៃ​ទាប​បំផុត​របស់ VinFast គឺ​ VF 5 Plus ដោយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​​ 538 លាន​ដុង​ ដែល​ប្រហែល​នឹង​ 22,900 ដុល្លារ​អាម៉េរិក)​៕

Advertisement