Cristiano Ronaldo ចង់​មាន​ក្លឹប​បាល់ទាត់​មួយ​នឹង​គេ នៅពេល​ចូល​និ​វត្តន៍​

កំពូល​តារាបាល់ទាត់ជន​ជាតិ​​ព័រទុយហ្កាល់ Ronaldo និយាយថា នឹង​លេង​យ៉ាងយូរ​បី​រដូវ​កាល​ទៀត មុនពេល​ចូលនិវត្តន៍ និង​ទិញ​ក្លឹប​បាល់ទាត់​មួយ​នឹង​គេ។

«តាំងពី​ច្រើន​ឆ្នាំ​មកហើយ​ដែល​ខ្ញុំ​ចង់​មាន​កីឡាករ​បាល់ទាត់​មួយក្រុម។ ខ្ញុំ​កំពុង​តែមាន​ជំនឿ​ចិត្ត​លើ​រឿងនេះ។ ខ្ញុំ​នឹងត្រូវ​មើល​ឱ្យដឹង​ច្បាស់​ថា តើ​ពានរង្វាន់ និង​ក្រុមបាល់ទាត់​នឹង​ប្រែប្រួល​យ៉ាងណា មុននឹង​សម្រេចចិត្ត​វិនិយោគ» Ronaldo និយាយ​ដូច្នេះ​នៅក្នុង​ពិធី​សម្ពោធ​យីហោ​ភេសជ្ជៈ​មួយ​កាលពី​ព្រលប់​ថ្ងៃទី 07 មិថុនា។

CR7 បន្ថែមថា អាជីព​កីឡាករ​បាល់ទាត់​របស់​គាត់​នឹងត្រូវ​បញ្ចប់​ក្រោយ​រយៈពេល​ពីរ ឬ​បី​ឆ្នាំ​ទៀត និង​បន្ត​ថា «…ដូច្នេះហើយ​ទើប​ខ្ញុំ​ចាប់ផ្ដើម​គិតដល់​អនាគត និង​ការវិនិយោគ»។

យោងតាម​ទំព័រ Goal ទ្រព្យសម្បត្តិ​របស់ Ronaldo គិត​ត្រឹម​ខែមករា 2023 គឺ​ប្រហែល 500 លាន​ដុល្លារ​អាម៉េរិក។ តួលេខ​នេះ​អាច​កើនឡើង​ច្រើន​បន្ថែមទៀត ដោយសារ​កីឡាករ​រូបនេះ​កំពុង​ទទួលបាន​បៀវត្សរ៍​ជាង 200 លាន​ដុល្លារ/ឆ្នាំ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត។ ថ្មីៗនេះ CR7 ក៏បាន​វិនិយោគ​ទៅ​​លើ​យីហោ​ទំនិញ​ជាច្រើន​ផងដែរ។

មកដល់​បច្ចុប្បន្ន អតីត​កីឡាករ​បាន​ក្លាយជា​ម្ចាស់​ក្លឹប​បាល់ទាត់​គឺជា​រឿង​លែង​ចម្លែក​ទៀតហើយ។ David Beckham ពេលនេះ​គឺជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ Inter Miami ជា​ក្លឹប​ដែល​ទើបតែ​ទាក់ទាញ​​​បាន Messi។ ក្រៅពីនេះ​ក៏​នៅមាន​អតីត​កីឡាករ​ជាច្រើន​ផ្សេងទៀត បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លឹប​មួយចំនួន មានដូចជា Ronaldo Nazario (ក្លឹប Real Valladolid), Paolo Maldini (ក្លឹប Miami FC) និង Didier Drogba (ក្លឹប Phoenix Rising)។

ទន្ទឹម​នឹង​នេះ ​អតីត​កីឡាករ​របស់ Man Utd ដែល​រួមមាន Ryan Giggs, Paul Scholes, Gary Neville, Phil Neville និង Nicky Butt ក៏​បាន​ក្លាយ​ជា​ម្ចាស់​ក្លឹប Salford City ដែល​លេង​នៅឯ​ពានរង្វាន់​លំដាប់​លេខ​បួន EFL League Two របស់​អង់គ្លេស៕

Advertisement